ហ៊ុល គឹមហ៊ុយ ថាខ្លួនខ្វះខាត ២ចំណុច តែប្ដេជ្ញាខំប្រឹងដើម្បីកៅអី U23

នូ មករា February 28, 2019


ភ្នំពេញ៖ ទោះបីទទួលបានការកោតសរសើរ សម្រាប់ការបង្ហាញខ្លួនជាមួយក្រុម U22 កម្ពុជា ក្នុងពាន AFF U22 Championship 2019 ដែលទើបបញ្ចប់កាលពីថ្មីៗក៏ពិតមែន ប៉ុន្ដែអ្នកចាំទីវ័យក្មេង ហ៊ុល គឹមហ៊ុយ បានលើកឡើងថា ខ្លួននៅមានភាពខ្វះខាត ២ចំណុចទៀតដែលត្រូវពង្រឹងបន្ថែមដើម្បីស្វែងរកកៅអីក្រុមជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជានាពេលខាងមុខ។

អ្នកចាំទីក្លឹបបឹងកេតរូបនេះ បាននិយាយថា៖ «បន្ទាប់ពីចប់ការប្រកួតពានរង្វាន់ AFF U22 នេះ ខ្ញុំមើលឃើញចំណុចខ្សោយរបស់ខ្ញុំ គឺត្រង់ភាពរហ័សរហួន ហើយនឹងខ្វះខាតកម្លាំងសាច់ដុំ ដែលខ្ញុំត្រូវពង្រឹងការហ្វឹកហាត់បន្ថែមទៀត» ។ តែយ៉ាងណា គឹមហ៊ុយ បានទទួលការកោតសរសើរពីអ្នកគាំទ្រមិនស្ទើរនោះទេ បន្ទាប់ពីបង្ហាញខ្លួនជាមួយក្រុម U22 កម្ពុជា ទោះបីជួយក្រុមគោព្រៃជំទង់កម្ពុជា ទទួលបានត្រឹមលេខ៤ នៃពានយុវជនប្រចាំតំបន់អាស៊ានខាងលើក៏ដោយ ។

ដោយឡែកឆ្លើយតបនឹងការគាំទ្ររបស់មហាជន ក៏ដូចជាការត្រៀមផែនការបន្ទាប់របស់ខ្លួនវិញ គឹមហ៊ុយ បានបញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះអ្នកគាំទ្រ ដែលចំណាយពេលមកលើកទឹកចិត្តក្រុម U22 កម្ពុជាកន្លងមក ហើយខ្ញុំសន្យានឹងបន្ដការខិតខំបន្ដទៀត តែចំពោះកៅអីក្រុមជម្រើសជាតិ U23 កម្ពុជា ខ្ញុំមិនទាន់ហ៊ាននិយាយអ្វីច្រើននោះទេ គ្រាន់តែខ្ញុំសង្ឃឹមនឹងបានជាប់ ដើម្បីរួមចំណែកជួយដល់ក្រុមតំណាងជាតិរបស់យើង»

គួរបញ្ជាក់ថា បន្ទាប់ពីចប់ភារកិច្ចធ្វើម្ចាស់ផ្ទះពាន AFF U22 Championship 2019 កម្ពុជាមានភារកិច្ចធំមួយទៀត គឺត្រូវធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពូល H នៃពានរង្វាន់ AFC U23 Championship 2020 ដោយក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងកូរ៉េខាងត្បូង អូស្ត្រាលី និងឆាយនីសតៃប៉ិ ។ ចំពោះសមាសភាពក្រុម U23 កម្ពុជាវិញ នៅតែមិនទាន់បង្ហាញនោះទេ តែលោក Felix បានបញ្ជាក់ថា ក្រុម U23 កម្ពុជា នឹងមានវត្តមានកីឡាករ U22 មួយចំនួន ដូច្នេះ គឹមហ៊ុយ ក៏អាចជាជម្រើសមួយផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់