លោក Felix ប្រាប់ពីមូលហេតុនៃការផ្លាស់ប្ដូរសមាសភាពកីឡាករ ១១នាក់ដំបូងស្ទើរទាំងស្រុង

មាស សុផាណារ៉ុង February 21, 2019


 

ភ្នំពេញ៖ ពីរប្រកួតរបស់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២២ឆ្នាំ ( AFF U22 LG Cup 2019 ) ប្រចាំពូល ​B គ្រូបង្វឹកនៃក្រុមគោព្រៃជំទង់មួយនេះ បានធ្វើការផ្លាស់ប្ដូរសមាសភាពកីឡាករ ១១នាក់ដំបូងស្ទើរតែទាំងស្រុង ពីប្រកួតដំបូង ទៅប្រកួតទី២។

ជម្រើស ១១នាក់ដំបូងពេលប្រកួតទល់នឹង មីយ៉ាន់ម៉ា

ថ្លែងក្នុងសន្និសិទសារព័ត៌មានក្រោយចប់ការប្រកួតដែលបានយកឈ្នះ U-22 មីយ៉ាន់ម៉ា ដោយលទ្ធផល ២ទល់០ លោក Felix Dalmas ដែលជាគ្រូបង្វឹកបានបង្ហើបថាដោយសារតែកីឡាករនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ មានដល់ទៅ២៣នាក់ ដូច្នេះទើបលោកសម្រេចបែងចែកចេញជា ២ក្រុម ដើម្បីឲ្យមានតុល្យភាព ហើយជឿជាក់លើកីឡាករទាំង២៣នាក់នោះ។

«នៅពេលដែលយើងប្រមូលផ្ដុំដំបូង ខ្ញុំបានប្រាប់កីឡាកររបស់យើងថា នេះគឺជាក្រុមដែលមានគ្នា ២៣នាក់ ដូច្នេះយើងបែងចែកចេញជា ២ក្រុមដើម្បីឲ្យមានតុល្យភាព ហើយច្បាស់ណាស់ដូចថ្ងៃនេះ ក្រុមទាំងមូលលេងបានយ៉ាងអស្ចារ្យ ហើយក្រុមផ្សេងគ្នាមែន ប៉ុន្តែយើងអាចធ្វើវាបាន យើងគ្រប់គ្រាន់ក្នុងការធ្វើវា ដូច្នេះវាពិតជាមានសារៈសំខាន់សម្រាប់ខ្ញុំដែលពួកគេទាំងអស់បានលេង ដូច្នេះខ្ញុំចង់បង្ហាញពួកគេថា ថ្ងៃនេះយើងគឺជាក្រុមដែលមានគ្នា ២៣នាក់ ហើយពួកគេបានបង្ហាញ គ្រប់គ្នាថា យើងគឺជាក្រុមដែលមានគ្នា ២៣នាក់ពិតមែន នេះហើយគឺជាមូលហេតុ យើងទុកចិត្តលើគេ ជាមូលហេតុដែលខ្ញុំផ្លាស់ប្ដូរ។» សម្ដីដើមទាំងស្រុងរបស់ លោក Felix Dalmas។

នៅពេលដែលចោទសួរថា តើប្រកួតបន្ទាប់នឹងមានការផ្លាស់ប្ដូរយ៉ាងណាទៀតនោះ? គ្រូបង្វឹកវ័យ ៣១ឆ្នាំដដែលរូបនេះបានបន្តថា «បើសិនជាខ្ញុំប្រាប់ វានឹងមិនធ្វើឲ្យមានរឿងភ្ញាក់ផ្អើលឡើយ។ ខ្ញុំមិនដឹង ( ថ្លែងជាមួយនឹងសំណើច ) ប៉ុន្តែខ្ញុំអាចប្រាប់បានថា យើងនឹងរៀបចំដូចដដែល ពីព្រោះយើងគោរពដៃគូរបស់យើង ហើយខ្ញុំដឹងថាគេគឺជាក្រុមដែលល្អ ដូច្នេះយើងនឹងរៀបចំដូចដែលយើងបានរៀបចំ។»

ជម្រើស ១១នាក់ដំបូងពេលប្រកួតទល់នឹង ម៉ាឡេស៊ី

បែបណាក៏ដោយ ប្រកួតបន្ទាប់របស់ កម្ពុជា នៅក្នុងព្រឹត្តិការណ៍ដដែលនេះ គឺគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ នៅក្នុងពូល B ត្បិតបានរក្សាកៅអីសុវត្ថិភាពទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជោគជ័យ។ ការប្រកួតចុងក្រោយរបស់ កម្ពុជា គឺត្រូវជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់