គ្រូ U-22 កម្ពុជា សុខចិត្តបដិសេធការវះកាត់ដាច់សរសៃកែងជើង ដើម្បីឈរបញ្ជាកូនក្រុមនៅលើទីលាន

មាស សុផាណារ៉ុង February 20, 2019


 

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ដែលទទួលរងរបួសដាច់សរសៃកែងជើង កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា លោកសុខចិត្តបដិសេធការវះកាត់ ដើម្បីមកឈរបញ្ជាកូនក្រុមនៅលើទីលានប្រកួត ក្នុងពានជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២២ឆ្នាំ ( AFF U22 LG Cup 2019 )។

ពេលដែលនិយាយជុំវិញបញ្ហារបួសលោក ដែលបានកើតឡើងដោយចៃដន្យក្នុងអំឡុងពេលហ្វឹកហាត់ផ្ទាល់ខ្លួនមួយ លោក Felix បានលើកឡើងថា នេះគឺជារបួសដ៏អាក្រក់ដែលលោកពុំដែលជួបប្រទះ និងតម្រូវឲ្យទទួលការវះកាត់ ប៉ុន្តែលោកបានបដិសេធ។

គ្រូបង្វឹកវ័យ ៣១ឆ្នាំរូបនេះបាននិយាយយ៉ាងដូច្នេះថា៖ «ពិតណាស់ វាពិតជាពិបាក វាគឺជារបួសដ៏អាក្រក់បំផុតដែលខ្ញុំពុំដែលបានជួប ប៉ុន្តែខ្ញុំពិតជាចង់មកឈរទីនេះ ហើយខ្ញុំត្រូវធ្វើការវះកាត់ តែខ្ញុំមិនអាចធ្វើបាន ដូច្នេះខ្ញុំសម្រេចមិនធ្វើការវះកាត់ដើម្បីមកឈរទីនេះជាមួយកីឡាកររបស់ខ្ញុំ វាគឺជាគ្រោះដោយចៃដន្យ ហើយត្រូវតែបន្តដំណើរទៅមុខជានិច្ច។»

គួរដឹងដែរថា លោក ​Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រេីសជាតិកម្ពុជា​ដែលទទួលភារកិច្ចដឹកនាំក្រុមជម្រេីសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ​ផងនោះ បានរងរបួសក្នុងអំឡុងពេលហ្វឹកហាត់នៅប្រទេសអូស្ត្រាលី​ក្នុងអំឡុងពេលឡើងទៅជួបជាមួយអ្នកចាត់ការទូទៅក្រុម​ជម្រើសជាតិ លោក Keisuke Honda កាលពីពេលថ្មីៗនេះពោលគឺចំពេលដែលក្រុម U-22 កម្ពុជាផ្អាកការប្រមូលផ្ដុំមួយរយៈនោះ។ របួសរបស់លោកនឹងត្រូវចំណាយពេលព្យាបាលរយៈពេល ៦ខែ ខណៈរយៈពេល ២ខែគឺអាចដកឧបករណ៍ការពារជើងបាន ហើយអាចធ្វើលំហាត់តាមការណែនាំរបស់គ្រូពេទ្យ។

ត្បិតទទួលរងរបួសប៉ុន្តែ លោក បានធ្វើរឿងដ៏គួរឲ្យគោរពពីទស្សនិកជន តាមរយៈការឈរបញ្ជាកូនក្រុមតែងកាន់ឈឺច្រត់ស្ទើរតែ ៩០នាទីពេញ ចាប់តាំងពីប្រកួតដំបូងទល់នឹង U-22 ម៉ាឡេស៊ី ក៏ដូចជា U-22 មីយ៉ាន់ម៉ា ផងដែរ ជាមួយនឹងជ័យជម្នះទាំង ២ប្រកួត នាំក្រុមឡើងទៅវគ្គពានកណ្ដាលផ្ដាច់ព្រ័ត្រពាន ( AFF U22 LG Cup 2019 ) ជាប្រវត្តិសាស្ត្រ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់