សម្តេចតេជោ កោតសរសើរ ក្រុម U22 កម្ពុជា និងអរគុណអ្នកគាំទ្រភ្លាមៗក្រោយឈ្នះមីយ៉ាន់ម៉ា!

នូ មករា February 20, 2019


ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារកោតសរសើរក៏ដូចជាអបអរសាទរចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រនៃវិស័យបាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមជម្រើសជាតិ U22 បានផ្តួលក្រុមភ្ញៀវមីយ៉ាន់ម៉ាក្នុងលទ្ធផល ២-០ ក្នុងការប្រកួតវគ្គជម្រុះពូល B នៃព្រឹត្តិការណ៍ AFF U22 LG Cup 2019 រួចមក។ ជោគជ័យទាំង២ប្រកួតជាប់គ្នានេះបានធ្វើឱ្យក្រុម U22 កម្ពុជាទទួលបានសិទ្ធិដោយស្វ័យប្រវត្តិឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតបាល់ទាត់យុវជនអាយុក្រោម ២២ឆ្នាំដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នេះរួចមក។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានសរសេរថា៖ “សូមកោតសរសើរដល់ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ ជាមួយក្រុម U22 នៃប្រទេសមីយ៉ាន់ម៉ា (កម្ពុជា Vs មីយ៉ាន់ម៉ា )ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ AFF U22 Championship 2019 ដែលទើបបានបញ្ចប់ការប្រកួតមុននេះបន្តិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាឈ្នះ ២គ្រាប់ (Cam 2-0 Myanmar)។
អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត៕”


សូមបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំកំពូលក្នុងប្រទេស សម្តេចតេជោ ហ៊ុន សែន តែងតែតាមដានរាល់ការប្រកួតនានា ក៏ដូចជារួមចំណែកលើកទឹកចិត្ត និងជំរុញវឌ្ឍនភាពនៃវិស័យកីឡាកម្ពុជាជាមួយនឹងគោលដៅដណ្តើមមេដាយឱ្យបានច្រើនក្នុងការប្រកួតសុីហ្គេមឆ្នាំ២០២៣ ខាងមុខដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ៕
អត្ថបទ៖ មករា

មតិយោបល់