លោក Felix សរសើរកីឡាករកម្ពុជាដែលខំលេងក្នុងគ្រប់កាលៈទេសៈ យកឈ្នះ U-22 មីយ៉ាន់ម៉ា ២ទល់០

មាស សុផាណារ៉ុង February 20, 2019


 

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ លើកឡើងសរសើរចំពោះកូនក្រុមដែលខំលេងក្នុងគ្រប់កាលៈទេសៈ ក្នុងការប្រកួតយកឈ្នះជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២២ឆ្នាំ ២ទល់០ ដើម្បីកក់កៅអីទៅវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ នៃពានជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២២ឆ្នាំ។

ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Felix Dalmas បានថ្លែងសរសើរចំពោះកូនក្រុមដែលខំលេងក្នុងគ្រប់កាលៈទេសៈ និងតែងតែមានមោទនភាពចំពោះកូនក្រុម

«ខ្ញុំពិតជារីករាយសម្រាប់ក្រុមទាំងមូល ជាពិសេសនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ដែលយើងបានប្រកួត ពីព្រោះពេលខ្លះពួកគេព្រួយបារម្ភ ពីព្រោះការប្រកួតពិតជាតាន់តឹង ពីព្រោះរបៀបដែលយើងលេង កីឡាកររបស់យើងមានការនឿយហត់ ប៉ុន្តែពួកគេនៅតែព្យាយាមអស់ពីលទ្ធភាព ពួកគេផ្ដល់មួយរយភាគរយ ហើយខ្ញុំគិតថាពួកគេបានធ្វើឲ្យប្រជាជនកម្ពុជារីករាយ និងធ្វើឲ្យខ្ញុំរីករាយដូចគ្នា ដូច្នេះពិតណាស់ វាគឺជាជ័យជម្នះ ហើយជារឿងសោកស្ដាយ ម៉ាត់ សាករ៉វី ទទួលរងរបួស ដូច្នេះជ័យជម្នះនេះគឺសម្រាប់រូបគេ» សម្ដីរបស់ លោក Felix Dalmas

ចុងក្រោយគ្រូបង្វឹកសញ្ជាតិអាហ៊្សង់ទីនរូបនេះ បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលមកចូលរួមទស្សនា បើទោះជាចំយប់ថ្ងៃច័ន្ទ យប់ថ្ងៃអង្គារ៍ ឬយប់ថ្ងៃពុធ ដែលបានមកចូលរួមគាំទ្រលើកកម្លាំងចិត្តដល់ក្រុម ហើយពេលខ្លះចាញ់ ឬក៏ឈ្នះ ដូច្នេះលោកសង្ឃឹមថាអ្នកគាំទ្រនឹងរីករាយជាមួយលទ្ធផលនេះ។

សូមរំលឹកថា គ្រាប់បាល់ជ័យជម្នះ ២ទល់០ របស់កម្ពុជា គឺរកបានដោយកីឡាករ យេុី សាហ្វី មួយគ្រាប់នៅវគ្គទី១ មុននិងសុិន សុផាណាត រកបាន ១គ្រាប់ នៅវគ្គទី២៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់