ភ្នំពេញក្រោន ប្រកាសចែកផ្លូវជាមួយ ស្រាំង ទិត្យឈី ក្រោយរួមរស់ជាង ៧ឆ្នាំ

នូ មករា February 20, 2019


ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​នេះក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការពីការចែកផ្លូវជាមួយកីឡាករ ស្រាំង ទិត្យឈី ដែលជាសមាជិកយូរឆ្នាំ និងមានប្រភពមកពីក្រុមថ្នាលយុវជនរបស់ខ្លួនផងនោះ។ យ៉ាងណាក៏ដោយ មូលហេតុនៃការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរមិនត្រូវបានទម្លាយឱ្យដឹងនោះទេ ប៉ុន្តែមានការលេចលឺថា ខ្សែការពាររូបនេះទំនងជានឹងធ្វើតេស្តជាមួយក្លឹបធំមួយនាពេលឆាប់ៗនេះ។

នៅបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កីឡាករ ស្រាំង ទិត្យឈី បានសរសេរថា៖ “វាគឺជាពេលវេលាមួយដល់ពិបាកក្នុងនិយាយពាក្យថា*លាហើយ*ទៅកាន់ក្លឹបដែលបានបណ្ដុះបណ្ដាលនិងខិតខំបីរបាច់ថែរក្សាខ្ញុំតាំងពីរតូចមកអស់រយះពេល7ឆ្នាំ4ខែ13ថ្ងៃ។ ខ្ញុំគ្មានអ្វីក្រៅពីរពាក្យថាអរគុណទៅកាន់ក្លឹបសម្រាប់រយះពេលកន្លងមង។សូមអរគុណទៅដល់ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោកឧកញ្ញ៉ា រិទ្ធី សំណាង អរគុណទៅអ្នកគ្រប់គ្រងក្លឹប មិត្តរួមក្រុម និងបុគ្គលិកការងារទាំងអស់។វាពិបាកក្នុងការទទួលយករឿងមួយនេះប៉ុន្ដែនេះគឺបាល់ទាត់វាអាចកើតឡើងបានគ្រប់ពេលវេលា។ដូច្នេះខ្ញុំគោរពការសម្រេចចិត្តរបស់ខ្ញុំផ្ទាល់ក៏ដូចជាការសម្រេចរបស់ក្លឹប។អរគុណដល់ការគាំទ្រនិងអ្នកគាំទ្រអស់គ្នា។”

សូមបញ្ជាក់ថា ស្រាំង ទិត្យឈី គឺជាអតីតយុវជនថ្នាលរបស់ក្រុមភ្នំពេញក្រោន ដោយបានរួមរស់ជាមួយក្លឹបជើងឯក ៦សម័យកាលនេះអស់រយៈកាលជាង ៧ឆ្នាំមកហើយ។ ជាមួយគ្នានេះ រូបគេត្រូវបានដំឡើងមកលេងក្នុងក្រុមឈុតធំមុននឹងផ្ទេរទៅក្លឹបវិសាខាកាលពីឆ្នាំ២០១៧ តាមរយៈកិច្ចសន្យខ្ចីជើងរយៈពេល ១ឆ្នាំដោយបានរួមចំណែកជួយក្រុមថ្មីថ្មោងនេះបានឈ្នះជើងឯកលីគទី២ថែមទៀតផង៕

អត្ថបទ៖ មករា

មតិយោបល់