គ្រូបង្វឹកបាល់ទាត់មានស្នាដៃនៅពញ្ញាឮ កំពុងយាយីដោយជំងឺ ខណៈប្រឈមបញ្ហាហិរញ្ញវត្ថុ

នូ មករា February 16, 2019


ភ្នំពេញ៖ បន្ទាប់ពីបានចំណាយពេលលះបង់នៅក្នុងវិស័យបាល់ទាត់ជាច្រើនឆ្នាំរួចមក នាពេលនេះ លោក ដេន វណ្ណា ហៅលោកគ្រូ កុយ ដែលមានកេរ្តិ៍ឈ្មោះក៏ដូចជាស្នាដៃក្នុងការបង្ហាត់បង្រៀនកីឡាករជាច្រើននៅក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាលនោះកំពុងតែរងការយាយីដោយជំងឺនិងទាមទារឱ្យមានការវះកាត់ជាបន្ទាន់ ដោយហេតុថាលោកគ្រូមានបញ្ហាប៉ះពាលដល់ឆ្អឹងខ្នងចំនួន ៥ កង់ ជាហេតុធ្វើឱ្យលោកពិបាកក្នុងការ ឈរ សូម្បីតែអង្គុយថ្វាយបង្គុំ (صلاة) ក៏ទទួលរងការឈឺចាប់ដែរ។

យ៉ាងណាក៏ដោយ គ្រូបង្វឹកខ្មែរឥស្លាមជើងចាស់ដែលមានកម្រិតសញ្ញាបត្រ C Lisence រូបនេះមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីរ៉ាប់រងចំពោះថ្លៃចំណាយព្យាបាលនោះទេ ជាហេតុបង្ខំចិត្តឱ្យកូនសិស្សចំនួនរួមជាមួយសាច់ញាតិលោកផ្ទាល់ប្រកាសស្នើសុំជំនួយពីមហាជន ពិសេសអ្នកនិយមវិស័យបាល់ទាត់កម្ពុជាតាមរយៈរូបភាពណាមួយដើម្បីសម្រួលលទ្ធភាពដល់ការព្យាបាលរបស់លោកឱ្យបានទាន់ពេលវេលា ខណៈដែលលោកគ្រូ ដេន វណ្ណា ក៏មានស្នាដៃក្នុងការបណ្តុះបណ្តាលធនធានកីឡាករអាជីពជាច្រើនរូបរួចមកហើយ។

ក្នុងចំណោមនោះមានដូចជាកីឡាករ យើ ម៉ូស្លីម ដែលកំពុងលេងភ្នំពេញក្រោន និងក្រុជម្រើសជាតិ U22, យើ សាហ្វី ភ្នំពេញក្រោន (ជម្រើសជាតិU22), គង់ ចាន់វុទ្ធី ភ្នំពេញក្រោន (ចាំទី), សេត រ៉ូហ្សាក់ (ភ្នំពេញក្រោន), សារី ហ្វារីត (ភ្នំពេញក្រោន U17), សេត រ៉ូហ្សីប (បឹងកេត និង ជម្រើសជាតិ U22), សេត ហ្វីនី (បឹងកេត U17), រេះ ស្លៃម៉ាន (បឹងកេត U17), នី ម៉ូស្តាហ្វា (វិសាខា U17), គង់ រ៉ាហ្វាត (សូលទីឡូ -ចាំទី), សិប ហ្វីលីប (អគ្គីសនីកម្ពុជា U16),លី វ៉ាន់សេត (អគ្គីសនីកម្ពុជាU16)។ ក្នុងនោះក៏មានកីឡាករជើងចាស់ខ្លះទៀតរួមមាន៖ យើ សើគីរីន (អតីតលេងក្លឹបព្រះខ័នរាជ),ហ្វី រ៉ហ្វីអីន (អតីតជម្រើសជាតិU16 និងអតីតU19ព្រះខ័នរាជ), ស៊ុប អះម៉ាត់ (អតីតចាំទីជម្រើសជាតិU16 និងអតីតU19ព្រះខ័នរាជ), ម៉ាត់ រ៉ូហ្វាហ្សី (អតីតU19ព្រះខ័នរាជ), សាវី សាគីរីន (អតីតជម្រើសជាតិU16 និងអតីតលេងក្លឹប Tiger),ស៊ូ សាហ្វី (នឹងកីឡាករបីរូបទៀតដែលជាអតីតជម្រើសជាតិU13 កាលពីឆ្នាំ២០១០ កន្លងមក)។

ដូច្នេះ លោកគ្រូ ដេន វណ្ណា បានរួចចំណែកដ៏ធំក្នងការកសាងកីឡាករជាច្រើនរូបបណ្តុះនូវឆន្ទៈកីឡាករឲ្យមានក្តីស្រមៃដើម្បីក្លាយជាកីឡាករអាជីពតាមបណ្តាក្លឹបផ្សេងៗ។ មុនពេលធ្លាក់ខ្លួនឈឺកាលពីសប្តាហ៍មុន លោកនៅតែបន្តបង្ហាត់សិស្សក្រុម U13 និងក្រុម U17 ទោះបីជាសុខភាពមិនសូវអំណោយផល និងមានវ័យជ្រេបន្តិចហើយក៏ដោយ។ សម្រាប់សប្បុរសជនដែលមានបំណងចូលរួមឧបត្ថម្ភដល់លោកគ្រូ អាចទាក់ទងតាមរយៈលេខទូរសព្ទ៖ 070 270 102 ខណៈដែលបច្ចុប្បន្នលោកគ្រូកំពុងសម្រាកនៅមន្ទីពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)៕
អត្ថបទ៖ មហាជន

មតិយោបល់