សម្ដីគ្រូបង្វឹកទាំង៤ ប្រចាំពូល B លើកឡើងស្រដៀងគ្នាក្នុងពាន AFF U22 LG Cup 2019

មាស សុផាណារ៉ុង February 16, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២២ឆ្នាំ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៧ កុម្ភៈ ឆ្នាំ ស្អែកនេះសម្រាប់ពូល A ខណៈពូល B នឹងចាប់ផ្ដើមនៅថ្ងៃបន្ទាប់ ស្របពេលដែលមុនការប្រកួតមកដល់គ្រូបង្វឹកទាំង៤ ប្រចាំពូល B សុទ្ធតែបានលើកឡើងស្រដៀងៗគ្នា នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះ។

ពូល B មានម្ចាស់ផ្ទះកម្ពុជា បូករួមជាមួយ ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ខណៈគ្រូបង្វឹកទាំង៤ រូបបានលើកឡើងចំនុចស្រដៀងគ្នាជាច្រើនគឺពាក់ព័ន្ធជាមួយនឹងការប្រកួតនេះ ប្រៀបបីដូចជាការត្រៀមសម្រាប់ពានរង្វាន់សំខាន់ៗ ២នៅខែក្រោយ ក៏ដូចជាចុងឆ្នាំ២០១៩ ដូចជាពាន វគ្គជម្រុះយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ ( ​AFC U-23 Championship ) និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ដែលធ្វើនៅប្រទេសហ្វីលីពីន។

សម្ដីគ្រូបង្វឹកកម្ពុជា លោក felix Dalmas៖ យើងរំភើបដែលបានប្រកួតព្រឹត្តិការណ៍នេះ រីករាយជាមួយកីឡាករវ័យក្មេងរបស់យើងហើយសង្ឃឹមថានឹងមានការរៀបចំក្រុមដ៏ល្អមួយ ហើយរឹតតែរំភើបក្នុងការជួបតតាំងជាមួយក្រុមខ្លាំង។

សម្ដីគ្រូឥណ្ឌូនេស៊ី លោក Indra Sjafri៖ ក្នុងពានរង្វាន់នេះ សម្រាប់ឥណ្ឌូនេស៊ី គឺដើម្បីត្រៀមវគ្គជម្រុះយុវជនអាស៊ី ( ​AFC U-23 Championship ) ហើយក៏ដើម្បីត្រៀមកីឡា SEA Games ដូចគ្នាផងដែរយើងបាននាំកីឡាករល្អៗហើយបានរៀបចំបានយ៉ាងល្អផងដែរ។

សម្ដីគ្រូម៉ាឡេស៊ី លោក ‎Ong Kim Swee៖ ដូចដែលបានដឹងបន្ទាប់ពីព្រឹត្តិការណ៍នេះហើយ យើងនឹងត្រូវមានភារកិច្ចបន្តនៅក្នុងវគ្គជម្រុះយុវជនអាស៊ី ( ​AFC U-23 Championship ) ដូច្នេះខ្ញុំជឿជាក់ថាព្រឹត្តិការណ៍ពិតជាមានសារៈសំខាន់សម្រាប់ក្រុមទាំងអស់ដើម្បីត្រៀមពានរង្វាន់ខាងមុខ។

សម្ដីគ្រូបង្វឹកមីយ៉ាន់ម៉ា លោក Velizar Emilov Popov៖ យើងរីករាយដែលបានមកដល់ទីនេះ វាគឺជាការធ្វើតេស្តមួយដ៏ល្អសម្រាប់យើង ខ្ញុំបានធ្វើការជាមួយក្រុមយូរណាស់ហើយ វាពិតជាមានសារៈសំខាន់ខ្ញុំក្នុងការពិនិត្យកីឡាករ ហើយពូលនេះពិតជាមានការប្រកួតប្រជែងខ្ពស់ ដោយត្រូវជួបជាមួយក្រុមល្អៗ ដែលនេះជាផ្នែកមួយដ៏ល្អសម្រាប់យើងក្នុងត្រៀមដើម្បីពាន វគ្គជម្រុះយុវជនអាស៊ី ( ​AFC U-23 Championship )។

សូមបញ្ជាក់ថា ពូល B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២២ឆ្នាំ ( AFF U-22 Championship 2019 ) នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែកុម្ភៈ ដោយប្រកួតដំបូង U-22 កម្ពុជា ត្រូវប៉ះ ម៉ាឡេស៊ី និងមួយគូទៀត មីយ៉ាន់ម៉ា ត្រូវប៉ះឥណ្ឌូនេស៊ី៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់