ស.ប.ក ប្រកាសជ្រើសរើសគ្រូបង្ហាត់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី

មាស សុផាណារ៉ុង February 12, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( សបក ) នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ បានប្រកាសជ្រើសរើសគ្រូបង្ហាត់ នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ជាមួយលក្ខខណ្ឌយ៉ាងហោចត្រូវមានសញ្ញាប័ត្រកម្រិត “C” ឡើងទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ដែលចេញដោយអគ្គលេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សេចក្ដីជូនដំណឹងនេះ គឺផ្តោតលើផែនការអភិវឌ្ឍន៍បាល់ទាត់រយៈពេលវែង និងក្នុងទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ។ ហេតុនេះ សហព័ន្ធត្រូវការជ្រើសរើសគ្រូបង្ហាត់កីឡាបាល់ទាត់មួយចំនួន ដែលមានសញ្ញាប័ត្របង្ហាត់ចាប់ពីកម្រិត “C” ឡើងទៅ ដើម្បីចូលរួមសហការបង្ហាត់ក្រុមកីឡាករ នៃសាលាកីឡាបាល់ទាត់ជាតិបាទី។ ប៉ុន្ដែសេចក្ដីជូនដំណឹងខាងលើ មិនបានបញ្ជាក់មូលហេតុ នាំឲ្យមានការជ្រើសរើស និងចំនួនគ្រូបង្ហាត់នោះទេ។

កាលពីពេលថ្មីៗ មានប្រភព័ត៌មានមួយចំនួន បានទម្លាយថា បច្ចុប្បន្នគ្រូបង្វឹកខ្មែរមួយចំនួន ដែលបានធ្វើការងារយូរឆ្នាំជាមួយសាលាបាល់ទាត់ជាតិបាទី បានចាកចេញជាបណ្ដើរៗហើយ ជាក់ស្ដែងកាលពីថ្មីៗ សូម្បីលោក មាស សំអឿន ដែលធ្លាប់ធ្វើការងារនៅទីនោះ បានចាកចេញមករួមរស់ជាមួយក្រុមអគ្គិសនីកម្ពុជាជាដើម គួបផ្សំជាមួយនឹង លោក Lee Tae Hoon ដែលបានបានអស់កិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដូចគ្នា គ្រាដែលមុនអស់កិច្ចសន្យា លោកក៏ជាគ្រូដឹកនាំក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៥ឆ្នាំ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់