ប្រធានក្លឹបបាល់ទាត់ធំមួយ កោតសរសើរ និងចាប់អារម្មណ៍ទម្រង់លេងខ្សែបម្រើស្លាប ឈិន ឈឿន

នូ មករា February 11, 2019


ភ្នំពេញ៖ កីឡាករចាស់វស្សា ឈិន ឈឿន កំពុងបានទទួលការកោតសរសើរពីសំណាក់ប្រធានក្លឹបបាល់ទាត់ដ៏ធំមួយនៅក្នុងស្រុកបន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុម K Cement Cambodia All Stars  និងក្រុម Muangthong United កាលពីថ្ងៃទី៩ ខែកុម្ភៈកន្លងទៅថ្មីៗនេះព្រមទាំងទាត់បញ្ចូលទីបាន ១គ្រាប់ផងដែរនោះ។

ប្រភពដដែលបានបន្ថែមថា ក្រៅពីការកោតសរសើរមិនដាច់ពីមាត់ ប្រធានក្លឹបដែលកំពុងកាន់ជំនួញជាច្រើននៅក្នុងដៃផងនោះ បានបង្ហើបពីចំណាប់អារម្មណ៍ចំពោះទម្រង់លេងរបស់ខ្សែបម្រើស្លាបក្រុមជម្រើសជាតិកម្ពុជារូបនេះ ប៉ុន្តែមិនមានបញ្ជាក់ច្បាស់លាស់ថា ចង់បានរូបគេមករួមរស់ជាមួយក្រុមរបស់ខ្លួនឬយ៉ាងណានោះឡើយ។

សូមបញ្ជាក់ថា កីឡាករ ឈិន ឈឿន ធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីអាយុ១៣ឆ្នាំរហូតដល់ឈុតធំនាពេលបច្ចុប្បន្ន ហើយរូបគេបានចូលរួមជាមួយក្លឹបក្រសួងការពារជាតិ កាលពីឆ្នាំ២០០៧ ប៉ុន្ដែកាលនោះនៅត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ ហើយរហូតដល់ឆ្នាំ២០០៩ ទើបលោក ទេព ឡុងរចនា បានដាក់ឱ្យចូលក្នុងក្រុមជម្រើស ១១នាក់ដំបូង។ ចំណែកក្នុងក្រុមជម្រើសជាតិវិញ រូបគេត្រូវបានលោកគ្រូបង្វឹក Lee Tae Hoon ដាក់ឱ្យជាប់ជម្រើស១១នាក់ដំបូងនៅក្នុងប្រកួតជាមួយក្រុមជម្រើសជាតិឡាវ ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2014 FIFA World Cup Brazil ផងដែរ។

បើនិយាយពីស្នាដៃវិញ រូបគេធ្លាប់បានជួយឲ្យក្លឹបយុវជននៃក្ដីសង្ឃឹមលើកពានរង្វាន់ MILO កាលពី២០០៥ ហើយក្រោយមកបានជួយឲ្យក្លឹបក្រសួងការពារជាតិ លើកពានរង្វាន់ សម្ដេច ហ៊ុន សែន កាលពីឆ្នាំ២០១០ (Hun Sen Cup 2010) និងធ្លាប់ជួយឲ្យក្រុមវិទ្យាល័យព្រះយុគន្ធរលើកពានជើងឯកវិទ្យាល័យទូទាំងប្រទេសប្រចាំឆ្នាំ២០១២ ថែមទៀត៕

អត្ថបទ៖ មករា

មតិយោបល់