ភា សុភ័ក្ដ្រា កំពុងសម្លឹករកទ្រនំថ្មី ក្រោយប្រកាសចែកផ្លូវជាមួយទ័ព

មាស សុផាណារ៉ុង February 11, 2019


 

ភ្នំពេញ៖ លោក ភា សុភ័ក្ដ្រា បានប្រកាសចែកផ្លូវជាមួយក្លឹបក្រសួងការពារជាតិ (ទ័ព) ជាផ្លូវការ ហើយលោកក៏កំពុងសម្លឹងរកទ្រនំថ្មី ដើម្បីបន្ដអាជីពគ្រូបង្វឹករបស់ខ្លួនផងដែរ។ ប៉ុន្ដែក្នុងករណីលោករកក្លឹបដឹកនាំពុំបាន គ្រូបង្វឹកកម្រិត A-License រូបនេះ បានអះអាងថា នឹងប្ដូរទៅរួមចំណែកការងារអភិវឌ្ឍន៍បាល់ទាត់យុវជនវិញ ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ។

គ្រូបង្វឹកទើបជួយក្រុម Cambodia All Stars យកឈ្នះក្រុម Muangthong United ២-១ កាលពីយប់ថ្ងៃសៅរ៍រូបនេះ និយាយថា៖ «ដោយសារខ្ញុំចប់ភារកិច្ចជាមួយក្រសួងការពារជាតិ ចឹងរយៈពេលនេះ ខ្ញុំកំពុងសម្លឹងរកមើលការងារថ្មី បើសិនមានក្លឹបផ្សេងៗ ចាប់អារម្មណ៍ យើងនឹងមានការចរចាគ្នា ព្រោះយើងជាគ្រូបាល់ទាត់ស្រាប់ យើងអត់អសកម្មភាពបាល់ទាត់ក្នុងអំឡុងពេលណាមួយនោះទេ ដោយសារពេលវេលានេះ គួរតែមានឱកាសក្នុងការធ្វើការងារបន្ថែមទៀត»។ បន្ថែមលើនេះលោកបានសង្កត់ធ្ងន់ថា «បើសិនគ្មានឱកាសក្នុងការដឹកនាំក្លឹបវិញ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានឱកាសសម្រាប់ការងារអភិវឌ្ឍន៍យុវជន បើមិនបានចូលរួមជាមួយសហព័ន្ធ ខ្ញុំក៏មានផែនការបង្ហាត់ក្មេង តាមតំបន់រស់នៅផងដែរ»

នេះគឺជាការលើកឡើងរបស់លោក ភា សុភ័ក្ដ្រា តែលោកមិនបានបញ្ជាក់នូវមូលហេតុក្នុងការប្រកាសចែកផ្លូវជាមួយក្លឹបក្រសួងការពារជាតិ ទាំងអាថ៌កំបាំង និងបង្កឲ្យមានការងឿងឆ្ងល់ជាច្រើន ពីសំណាក់អ្នកគាំទ្រនេះឡើយ។

ដោយឡែកចំពោះការដឹកនាំក្រុម Cambodia All Stars លើកដំបូង ហើយយកឈ្នះក្រុមខ្លាំង Muangthong លោក ភា សុភ័ក្ដ្រា បញ្ជាក់ថា ជ័យជម្នះខាងលើ មិនជះឥទ្ធិពលដល់ការស្វែងរកក្លឹបថ្មីនោះទេ។ លោកថា «ជ័យជម្ននេះ អត់មានគិតថា ជាប្រយោជន៍ សម្រាប់ការរកក្លឹបថ្មីទេ ព្រោះខ្លួនខ្ញុំ បានរួមចំណែកតិចតួចបំផុត ខ្ញុំផ្ដល់ឲ្យកីឡាករទាំងអស់ ព្រោះពួកគាត់ប្រឹងប្រែងណាស់ ។ ឯសមិទ្ធផលខ្ញុំ និយាយទៅ គឺតិចតួច ។ ចឹងបើនិយាយថា ជ័យជម្នះនេះ អាចជះឥទ្ធិពលដល់ការស្វែងរកក្លឹបថ្មី ខ្ញុំមិនគិតរំពឹងដូច្នេះទេ»

គួរបញ្ជាក់ថា លោក ភា សុភ័ក្ដ្រា បានចូលរួមជាមួយក្លឹបក្រសួងការពារជាតិ ជិត២រដូវកាល ក្នុងនោះនៅពាក់កណ្ដាលឆ្នាំ២០១៧ លោកត្រូវបានតែងតាំងជាគ្រូជំនួយលោក ទេព ឡុងរចនា បន្ទាប់មកទើបលោកបានឡើងជាគ្រូធំរបស់ទ័ព ក្នុងឆ្នាំ២០១៨ ដោយដឹកនាំក្រុមស្ថិតក្រោមក្របខណ្ឌក្រសួងការពារជាតិនេះ ទទួលបានលេខ៤ ក្នុងលីគកំពូលកម្ពុជា តែបានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ដែលជាជោគជ័យមួយ សម្រាប់ការងារជាគ្រូបង្គោលរបស់ក្លឹបអាជីពលើកដំបូង ក្នុងអាជីពរបស់ខ្លួន៕

 

អត្ថបទ៖ បុត្រា

មតិយោបល់