ខ្សែបម្រើជម្រើសជាតិវៀតណាម ចូលមកជំនួសតំណែង ច្រឹង ពលរដ្ឋ នៅ Buriram ជាផ្លូវការ

មាស សុផាណារ៉ុង February 11, 2019


 

ថៃ៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន និងការបញ្ជាក់ ទីបំផុតរូបភាពរបស់កីឡាករសមាជិកក្រុមជម្រើសជាតិវៀតណាម Luong Xuan Truong នៅប្រទេសថៃ ភ្ជាប់ជាមួយអាវក្លឹប Buriram United ត្រូវបានប្រកាសជាផ្លូវការនៅលើគេហទំព័ររបស់គេផងដែរ។

ប្រធានក្លឹប Buriram United លោក Newin Chidchob ជាមួយឈុតខោខ្លី និងអាវយឺត ស្របពេលដែល Xuan Truong ពាក់​ឈុត​ហ្វឹកហាត់របស់ Buriram United ទាំង២រូប សម្ដែងភាពរីករាយក្នុងរូបថត ពីការស្វាគមន៍គ្នាទៅវិញទៅមក ហើយអតីតកីឡាកររបស់ HAGL រូបនេះនឹងពាក់អាវលេខ២១ សម្រាប់រយៈពេលមួយឆ្នាំនៃការលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅទីនេះ។

ក្នុងរយៈពេល ១ឆ្នាំខាងមុខ នៃការលេងឲ្យក្រុមការពារតំណែងជើងឯកលីគកំពូលថៃមួយនេះ Xuan Truong ត្រូវបានគេប្រាកដថា គឺចូលមកជំនួសតំណែងកីឡាករកម្ពុជា ច្រឹង ពលរដ្ឋ ដែលទទួលរងរបួសនៅមិនទាន់រួចរាល់សម្រាប់ការប្រកួតបាន ខណៈក្រុមនេះត្រូវបំពេញ​កម្លាំងបន្ថែម និងស្របពេលដែលក្លឹបបានបំពេញកៅអីកីឡាករមកពីតំបន់អាស៊ាន ៣រូបជាផ្លូវការហើយ បន្ថែមលើសមាជិកចាស់ ២រូបសញ្ជាតិហ្វីលីពីន Javier Patiño និង Stephan Palla។

បែបនេះក្ដី ច្រឹង ពលរដ្ឋ នៅតែមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ Buriram United ត្បិតកីឡាករវ័យ២១ឆ្នាំរូបនេះ មានកិច្ចសន្យាខ្ចីជើង​ដោយ Buriram រយៈពេល ២ឆ្នាំ ដែលបានសេចក្ដីថា រដូវកាល២០២០ នេះបើតាមការបញ្ជាក់ក្នុងអំឡុងចុះហត្ថលេខាចូលរួមដំបូង រូបគេទំនងជាអាចនៅមានឱកាសវិញ បើសិនជារបួសជាសះស្បើយ ហើយមានទម្រង់លេងល្អ។ យ៉ាងណាមិញជុំវិញព័ត៌មានទាក់ទងនឹងកិច្ចសន្យារវាង រូបគេ ជាមួយនឹងក្លឹប Buriram United ប្រែប្រួលបែបណាទៀតនោះ ក្រុមការងារ Camsoprts នឹងព្យាយាមជម្រាបជូនបន្ថែម។

សូមបញ្ជាក់ផងដែរថា ច្រឹង ពលរដ្ឋ ត្រូវបានក្លឹបការពារតំណែងជើងឯក Buriram United ផ្ទេរយកពីក្លឹបក្រសួងការពារជាតិ ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០១៩ រហូតដល់ចុងឆ្នាំ២០២០ តែក្រោយមកនៅដើមខែធ្នូ រូបគេត្រូវបានក្លឹប Buriram តម្រូវឱ្យត្រលប់មកកម្ពុជាវិញសិន ដើម្បីបន្តព្យាបាលរបួសដែលមិនទាន់ជាសះស្បើយ ១០០ភាគរយ ដោយត្រូវសម្រាកព្យាបាលរយៈពេល៣ខែ និងហ្វឹកហាត់ដោយខ្លួនឯង រហូតដល់ជាសះស្បើយទើបក្លិប Buriram តាមដានបន្តទៀត និងបាត់ឱកាសសម្រាប់រដូវកាលទី១ នេះផ្ទាល់តែម្ដង៕

 

រូបភាព៖ BURIRAM UNITED

អត្ថបទ៖ ណារ៉ុង

មតិយោបល់