អេឡិច យូ ក្នុងឯកសណ្ឋានចូលរួមជាមួយក្លឹបបឹងកេតអែហ្វស៊ី ជាច្រើនលើកច្រើនសារ

មាស សុផាណារ៉ុង February 10, 2019


 

ភ្នំពេញ៖ ជាច្រើនលើកច្រើនសារ ដែលអ្នកគាំទ្រប្រទះឃើញអតីតអ្នកចាំទីរបស់ភ្នំពេញក្រោន និងជាកីឡាករកូនកាត់ខ្មែរបារាំង អេឡិច យូ លេចមុខក្នុងឯកសណ្ឋានចូលរួមជាមួយក្លឹបជើងឯក ៣សម័យកាលនៃលីគកំពូលកម្ពុជា បឹងកេតអែហ្វស៊ី បន្ទាប់ពីធ្លាប់បានប្រទះជាលើកដំបូងកាលពីចុងខែមករា ឆ្នាំ២០១៩។

ខណៈដែលក្លឹបបឹងកេត កំពុងប្រកួតមិត្តភាពជាមួយ ក្លឹបវិសាខា នៅលើកីឡដ្ឋានថ្មីរបស់វិសាខា នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនោះ គេសង្កេតឃើញ អេឡិច យូ ក៏នៅតែបន្តបង្ហាញមុខហ្វឹកហាត់ជាមួយសមាជិកក្រុមបឹងកេតដទៃទៀតក្នុងការប្រកួតនេះដែរ ហើយក៏លេចលឺមកថាក្បែរនឹងឈានទៅដល់ការចុះកិច្ចសន្យាជាមួយក្លឹបផងដែរ ដោយរង់ចាំតែថ្ងៃប្រកាសជាផ្លូវការប៉ុណ្ណោះ។

លទ្ធផលនៃការប្រកួតមិត្តភាពរវាង វិសាខា ជាមួយ បឹងកេត កាលពីម្សិលមិញបានបញ្ជប់ទៅដោយទាំង ២ក្រុមស្មើគ្នា ២ទល់២។

ជាការពិត ចាប់តាំងពីបានបញ្ចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោន កីឡាករកូនកាត់ខ្មែរបារាំងរូបនេះ ក៏បានចូលរួមធ្វើតេស្តជាមួយ ក្លឹបគីរីវង់សុខសែនជ័យ ផងដែរកាលពីដើមខែមករា ប៉ុន្តែក្រោយមកការមកធ្វើតេស្តជាមួយក្លឹបជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលមួយនេះវិញ។ អេឡិច យូ ដដែលក៏ធ្លាប់បានបញ្ជាក់ផងដែរថា រូបគេមានបំណងបន្តអាជីពនៅក្នុងស្រុកសិន មុននឹងសម្រេចចិត្តចេញទៅលេងនៅក្លឹបក្រៅស្រុក៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់