វឌ្ឍនាកា និងចន្ថាប៊ីន មិនអាចជួយក្រុមឲ្យឈ្នះប្រកួតទី២ នៅលីគកំពូលម៉ាឡេស៊ី

មាស សុផាណារ៉ុង February 10, 2019


 

ម៉ាឡេស៊ី៖ សប្ដាហ៍ទី២ នៃលីគកំពូលម៉ាឡេស៊ី ( Malaysia Super League 2019 ) ដែលមានកីឡាករកម្ពុជា ២រូបប្រកបអាជីពនៅទីនោះរវាង ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន មិនអាចជួយក្រុមឲ្យរកជ័យជម្នះបានឡើយ បន្ទាប់ពីរងបរាជ័យជាមួយក្លឹបរៀងៗខ្លួន ដូចគ្នាកាលពីយប់មិញ។

ក្លឹប Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន និងក្លឹប PKNS FC របស់កីឡាករ ចាន់ វឌ្ឍនាកា ទើបតែរកបានម្នាក់ ១ពិន្ទុប៉ុណ្ណោះកាលពីសប្ដាហ៍ដំបូង បន្ទាប់ពីទាំង២ក្រុមស្មើគ្នា ១ទល់១ ប៉ុន្តែចូលដល់សប្ដាហ៍ទី២ នេះទាំង Terengganu FC និង PKNS FC សុទ្ធតែទទួលរងបរាជ័យ។

PKNS FC របស់ ចាន់ វឌ្ឍនាកា ដែលរូបគេបានបង្ហាញខ្លួនផងដែរនោះ បានរងបរាជ័យក្រោមថ្វីជើងក្រុម Melaka United ០ទល់១ នៅលើទឹកដីរបស់ខ្លួន ស្របពេលដែល ក្លឹប Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន វិញបានរងបរាជ័យធ្ងន់ធ្ងរ ៣ទល់០ ពីអតីតក្លឹបរបស់ ចាន់ វឌ្ឍនាកា ដែលធ្លាប់ប្រកបអាជីពជាមួយ Pahang FA សម្រាប់ការប្រកួតក្រៅដី។

លទ្ធផលចាញ់បែបនេះ បាននឹងកំពុងធ្វើឲ្យក្លឹបទាំងពីរស្ថិតនៅចំណាត់ថ្នាក់មួយដែលពុំសូវល្អឡើយ ពោលគឺនៅក្បែរតំបន់ដែលត្រូវកាត់ចោល ដូចក្នុងតារាងខាងក្រោម៖

ប្រកួតបន្ទាប់ ក្លឹប Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន នឹងត្រូវបន្តធ្វើការធ្ងន់បន្តទៀតដោយត្រូវប៉ះក្រុមជើងឯក ៥សម័យកាលជាប់ៗគ្នា Johor Darul Ta’zim ស្របពេលដែល PKNS របស់ ចាន់ វឌ្ឍនាកា នឹងត្រូវប៉ះក្រុមបច្ចុប្បន្នលេខ៥ Selangor៕

 

រូបភាព៖ Terengganu / PKNS / Malaysian Football League

អត្ថបទ៖ ណារ៉ុង

មតិយោបល់