ក្លឹបនៅម៉ាឡេស៊ី មួយមិនអនុញ្ញាតិឲ្យកីឡាករខ្លួនចូលរួមជាមួយ U-22 ឡើងមកប្រកួតនៅកម្ពុជា ដោយសារហេតុផលមួយចំនួន

មាស សុផាណារ៉ុង February 9, 2019


 

ម៉ាឡេស៊ី៖ យុវជនមួយរូបរបស់ម៉ាឡេស៊ី Syahmi Safari ត្រូវបានក្លឹបរបស់គេ Selangor FA មិនអនុញ្ញាតិឲ្យចូលរួមជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២២ឆ្នាំ ដែលត្រូវឡើងមកប្រកួតនៅកម្ពុជាឡើយ ដោយសារហេតុផលមួយចំនួន។

លោក Stuart Ramalingam អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ( FAM ) បាននិយាយថា Syahmi ជាកម្លាំងខ្វះមិនបានសម្រាប់ Selangor ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) ហើយលើសពីនេះទៀតគេទើបតែជាសះស្បើយពីរបួស។ Syahmi ត្រូវបានគេរំពឹងថានឹងត្រលប់ចូលទីលានវិញ ជាមួយ Selangor នៅក្នុងការប្រកួត Super League នាថ្ងៃសៅរ៍នេះផងដែរ។

«វាគឺជាសិទ្ធិរបស់ក្រុមនេះក្នុងការអនុញ្ញាតិ ឬមិនអនុញ្ញាតិឲ្យកីឡាកររបស់ពួកគេ ចូលរួមជាមួយជម្រើសជាតិក្នុងកំឡុងពេលដែលមិនមែនជាការប្រកួតចំថ្ងៃ FIFA Day។ Syahmi គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុម Selangor ហើយពួកគេត្រូវការគាត់សម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Super League របស់ពួកគេ។» សម្ដីរបស់លោក Stuart Ramalingam។

ជុំវិញបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ( FAM ) នឹងមិនចាត់វិធានការលើក្លឹបបាល់ទាត់ Selangor ដែលមិនអនុញ្ញាតិឲ្យខ្សែបម្រើ Syahmi Safari ចូលរួមហ្វឹកហាត់ជាមួយ U-22 ម៉ាឡេស៊ី ឡើយ តែគ្រាន់តែសង្ឃឹមថារឿងនេះនឹងមិនកើតឡើងជាថ្មីនាពេលអនាគត។ លោក Stuart បានបន្តថាគ្រូបង្វឹក លោក Kim Swee នឹងកោះហៅកីឡាករផ្សេងទៀតពីបញ្ជីបម្រុងដើម្បីជំនួស កីឡាករ Syahmi។

Syahmi Safari នេះផងដែរមិនមែនត្រឹមតែជាស្នូលដ៏សំខាន់សម្រាប់ក្លឹប Selangor ប៉ុណ្ណោះទេ កីឡាករវ័យ២១ឆ្នាំរូបនេះ ក៏សំខាន់សម្រាប់ជម្រើសជាតិម៉ាឡេស៊ី កាលពីពេលថ្មីៗនេះផងដែរ ដោយទើបតែជាប់ជម្រើសជាតិក្រុមធំ ឆ្នាំ២០១៨ តែអ្វីដែលពិសេសរូបគេបានទាត់ចូលទីបាន ១គ្រាប់ជួយឲ្យ ម៉ាឡេស៊ី ទម្លាក់ថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFF Suzuki Cup 2018 ដែលខ្លួនបានត្រឹមជើងឯករង ក្រោយចាញ់វៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រ។

ម៉ាឡេស៊ី នឹងស្ថិតនៅពូល B ជាមួយម្ចាសផ្ទះកម្ពុជា , មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី នៅក្នុងពានជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-22 Championship 2019 ) ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៧-២៦ ខែកុម្ភៈខាងមុខ ពូលមួយទៀតក្នុងពានដដែលនេះ រួមមានក្រុម U-22 វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន៕

 

រូបភាព៖ sportingnews / affsuzuki / AFP

ប្រភព៖ nst​.com.my

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់