ប្អូនប្រុស អ៊ុល រ៉ាវី សប្បាយចិត្តខ្លាំង ក្រោយបានហាត់ជាមួយលោក ប្រាក់ សុវណ្ណារ៉ា

មាស សុផាណារ៉ុង February 8, 2019


 

ភ្នំពេញ៖ យុវជន អ៊ុល បញ្ញា ប្អូនប្រុសបង្កើតរបស់អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជាកីឡាករ អ៊ុល រ៉ាវី បានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំង ក្រោយបានចូលរួមជាមួយក្លឹបក្នុងក្ដីស្រម៉ៃ គឺក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ពិសេសគឺបានហ្វឹកហាត់ជាមួយលោក ប្រាក់ សុវណ្ណារ៉ា ដែលទើបត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅក្លឹបប៉ូលិស កាលពីពេលថ្មីៗ។

អ៊ុល បញ្ញា បានបញ្ជាក់ថា ខ្លួនបានប៉ងចូលលេងឲ្យប៉ូលិសជាយូរមកហើយ តែមិនទាន់មានឱកាស ហើយការហ្វឹកហាត់ជាមួយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា ក៏ជាក្ដីស្រម៉ៃមួយដែរ។ កីឡាករវ័យ ១៩ឆ្នាំរូបនេះ និយាយថា «ខ្ញុំចង់ចូលលេងឲ្យប៉ូលិសយូរហើយ តែមិនមានសមត្ថភាព ។ ប៉ុន្ដែពេលនេះ ខ្ញុំមានឱកាស ហើយខ្ញុំគិតថា ល្អមែនទែន ដែលខ្ញុំបានហ្វឹកហាត់ជាមួយលោកគ្រូ ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូដ៏ល្បីម្នាក់ៗ ក្នុងប្រទេសកម្ពុជា»

ទន្ទឹមជាមួយគ្នាកីឡាករមានដើមកំណើត នៅរាជធានីភ្នំពេញនេះ ក៏បានប្ដេជ្ញាចិត្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីទទួលបានជោគជ័យក្នុងអាជីពបាល់ទាត់នេះដែរ។ មិនតែប៉ុណ្ណោះ គេក៏ប៉ងធ្វើបានល្អដូចប្រុសរបស់ខ្លួន ដើម្បីឈានទៅស្វែងរកកៅអីក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃអនាគតទៀតផង ។

សូមរំឭកថា អ៊ុល បញ្ញា មុនចូលប៉ូលិស គេបានចំណាយពេល ១រដូវកាលជាមួយក្រុមអគ្គិសនីកម្ពុជា កាលពីឆ្នាំ២០១៧ តែដោយសាររបួស គេបានសម្រេចមួយរដូវកាល បន្ទាប់មកទើបមកធ្វើតេស្ដសមត្ថភាពជាមួយក្រុមប៉ូលិស រហូតទាក់ចិត្តគ្រូបង្វឹក ត្រូវបានក្លឹបជ្រើសរើសជាសមាជិកថ្មីម្នាក់ ដើម្បីជួយក្រុមនារដូវកាលថ្មី ដែលគ្រោងបើកការប្រកួតនាពាក់កណ្ដាលខែមីនាខាងមុខ៕

 

រូបភាព៖ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទ៖ បុត្រា

មតិយោបល់