Muangthong នឹងធ្វើ Football Clinic ដល់ក្មេងៗ ២០០នាក់ ក្រោយមកដល់កម្ពុជាព្រឹកមិញ

មាស សុផាណារ៉ុង February 8, 2019


 

ភ្នំពេញ៖ ក្រុម Muangthong United របស់ថៃ បានធ្វើដំណើរមកដល់កម្ពុជាហើយ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ លើកទី៣ ជាមួយក្រុម Cambodia All Stars នាល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែក នៅលើទីលានពហុកីឡដ្ឋានជាតិ។

ក្រោយមកជាន់ទឹកដីកម្ពុជា ជាថ្មីក្រុម Muangthong United ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន SCG នឹងរៀបចំកម្មវិធី Football Clinic មួយ មុនការប្រកួត នាល្ងាចថ្ងៃទី០៨ ខែកុម្ភៈម៉ោង ៣:៣០នាទីនេះ ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសលេងបាល់ទាត់ ដល់ក្មេងៗប្រមាណ ២០០នាក់ នៅលើទីលានពហុកីឡដ្ឋានជាតិ។

កម្មវិធី Football Clinic នេះ នឹងមានការចូលរួមពីកីឡាករល្បីៗរបស់ Muangthong United ព្រោះថ្នាក់ដឹកនាំក្លឹបខ្លាំងកម្រិតតំបន់នេះ បាននាំមកជាមួយនូវកីឡាករល្អៗទាំងអស់ សម្រាប់ត្រៀមប្រកួតមិត្តភាពជាមួយក្រុម Cambodia All Stars ហេតុនេះពួកគេ ក៏នឹងមានវត្តមានលើទីលានពហុកីឡដ្ឋានជាតិល្ងាចនេះ ដើម្បីចែករំលែកបទពិសោធន៍ដល់ក្មេងៗដែរ។

គួរបញ្ជាក់ថា ក្រុម Muangthong United បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីព្រឹកមិញ ហើយកម្មវិធីប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Cambodia All Stars នឹងចាប់ផ្ដើមនាវេលាម៉ោង ៦:៣០នាទីល្ងាចស្អែក។ នេះគឺជាលើកទី៣ ដែលក្រុមទាំងពីរជួបគ្នា ខណៈជួបគ្នា ២លើកមុន លើកទី១ ក្រុមម្ចាស់ផ្ទះយកឈ្នះ ៤-៣ និងលើកទី២ ក្រុម Muangthong United យកឈ្នះវិញ ៤-០៕

 

រូបភាព៖ Muangthong United FC.

អត្ថបទ៖ បុត្រា

មតិយោបល់