គ្រូបង្វឹកក្រុមគោព្រៃ លោក​ Felix Dalmas រងរបួសពេលហ្វឹកហាត់ ហើយអាចចំណាយពេលព្យាបាល​ ៦ខែ

មាស សុផាណារ៉ុង February 8, 2019


 

ភ្នំពេញ៖ លោក ​Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រេីសជាតិកម្ពុជា​ដែលកំពុងទទួលភារកិច្ចដឹកនាំក្រុមជម្រេីសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ​ផងនោះ បានរងរបួសក្នុងអំឡុងពេលហ្វឹកហាត់នៅប្រទេសអូស្ត្រាលី​ក្នុងអំឡុងពេលឡើងទៅជួបជាមួយអ្នកចាត់ការទូទៅក្រុម​ជម្រើសជាតិ លោក Keisuke Honda កាលពីពេលថ្មីៗនេះពោលគឺចំពេលដែលក្រុម U-22 កម្ពុជាផ្អាកការប្រមូលផ្ដុំមួយរយៈនោះ។

បេីតាមការឱ្យដឹងពីមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលនៅជាប់នឹង​ លោក​ Felix Dalmas បានបញ្ជាក់ប្រាប់សារព័ត៌មាន Camsports​ ថា គ្រូបង្វឹករូបនេះបានទទួលរងរបួសដាច់សរសៃកែងជើង​ គ្រាដែលរូបលោកធ្វេីដំណេីរទៅប្រទេសអូស្ត្រាលីដេីម្បីជួបជាមួយ​អ្នកចាត់ការទូទៅក្រុមជម្រេីសជាតិកម្ពុជា​ Keisuke Honda ហេីយក្នុងពេលដែលមានការហ្វឹកហាត់ផ្ទាល់ខ្លួនលោកបានដួលទើបបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរបែបនេះ។

លោក Felix Dalmas ក៏បានឆ្លើយឆ្លងតាមរយៈប្រភពដដែលខាងលើថា របួសរបស់លោកនឹងត្រូវចំណាយពេលព្យាបាលរយៈពេល ៦ខែ ខណៈរយៈពេល ២ខែគឺអាចដកឧបករណ៍ការពារជើងបាន ហើយអាចធ្វើលំហាត់តាមការណែនាំរបស់គ្រូពេទ្យ។ ដោយឡែកថាអាចដឹកនាំក្រុមបាន ឬយ៉ាងនោះ លោកថាមិនជាបញ្ហានោះឡើយ ប៉ុន្តែសម្រាប់ការឈរបញ្ជាកូនក្រុមនៅលើទីលាន គឺនឹងមានការជួយជ្រោមជ្រែងពីអ្នកចាត់ការទូទៅគឺ លោក ឈូក ពិសិដ្ឋ និងគ្រូជំនួយ លោក អ៊ុង កនយ៉ានិត ស្របពេលដែលយុទ្ធសាស្ត្រប្រកួតនានាលោកនៅតែជាអ្នករ៉ាប់រងដដែល។

លោក Felix Dalmas គ្រូជំនួយ លោក អ៊ុង កនយ៉ានិត និងលោក ឈូក ពិសិដ្ឋ 

បែបណាក៏ដោយ លោក Felix Dalmas នៅតែដឹកនាំក្រុម U-22 កម្ពុជា ប្រកួតពានរង្វាន់ ( AFF U-22 Championship 2019 ) ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ហើយគ្រោងនឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី១៧-២៦ ខែកុម្ភៈ ខាងមុខដោយមាន ៨ក្រុមចូលរួមក្នុងនោះក្រុម U-22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U-22 មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈពូល A រួមមានក្រុម U-22 វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន ស្របពេលដែលសិង្ហបុរី ប្រុយណេ និងឡាវ បានប្រកាសដកខ្លួនទៅហើយ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា 

អត្ថបទ៖ ណារ៉ុង

មតិយោបល់