Prak Academy របស់គ្រួសារត្រកូល «ប្រាក់» នឹងក្លាយជាយុវជនរបស់ប៉ូលីស ដើម្បីសម្រេចបំណង ទទួលបានអាជ្ញាប័ណ្ណក្លឹបពី AFC
មាស សុផាណារ៉ុង February 7, 2019
ភ្នំពេញ៖ ក្រុមយុវជន Prak Football Academy ដែលមានស្ថាបនិកគ្រួសារត្រកូល «ប្រាក់» របស់លោក ប្រាក់ សុវណ្ណារ៉ា នឹងក្លាយជាយុវជនរបស់ក្លឹបបាល់ទាត់អគ្គស្នងការរដ្ឋាននគរបាលជាតិ ( ប៉ូលីស ) ដើម្បីសម្រេចបំណង ទទួលបានអាជ្ញាប័ណ្ណក្លឹបទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC )។
បើតាមការបញ្ជាក់ដោយ លោក ជឹង ឃាងលី អនុប្រធានក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញសមាសភាពកីឡាកររដូវកាល២០១៩ កាលពីពេលថ្មីៗនេះ ក្លឹបនឹងចុះអនុស្សរណៈយោគយល់ ( MOU ) ជាមួយក្រុមយុវជន Prak Football Academy ដដែលនេះ ក្នុងការនាំយកមកធ្វើជាក្រុមថ្នាលយុវជនរបស់ក្លឹប។
ភ្ជាប់ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណារ៉ា ដែលជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជា ជាស្ថាបនិក Prak Football Academy បានបន្ថែមផងដែរជុំវិញគម្រោងជាមួយខ្លឹមសារថា៖ «ទាក់ទងដំបូង បើកាលណាយើងនិយាយអំពីអាជ្ញាប័ណ្ណដែលទទួលស្គាល់ពី AFC គឺមានចំណែកធំមួយនៅក្នុងនឹង គឺការអភិវឌ្ឍន៍យុវជន ព្រោះបើសិនជាអត់មានទេ គេអត់ទទួលស្គាល់ទេ ខ្ញុំសុំរំលឹកបន្តិចចុះ បាទ យើងត្រូវមានកីឡដ្ឋានខ្លួនឯង ត្រូវមានរចនាសម្ព័ន្ធមួយច្បាស់លាស់ ត្រូវតែមានថ្នាលយុវជន ទាំង៣នេះដំបូងបំផុត ហើយពាក់ព័ន្ធជាមួយថវិកា ជារឿងរបស់ក្លឹប។» ការណ៍លើកឡើងបែបនេះ គឺសរបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបកំពុងសម្រួចខ្លួនធ្វើយ៉ាងណាដើម្បីឲ្យទទួលបានការទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) ដូចដែលលោក ប្រាក់ សុវណ្ណារ៉ា ប្រកាសពីបំណងនៅក្នុងសន្នីសីទសារព័ត៌មាននោះផងដែរ។
ដូចដែលបានរៀបរាប់ដោយ លោក ប្រាក់ សុវណ្ណារ៉ា ៣ចំនុចសំខាន់ខាងលើ ដែលក្លឹបបាននឹងកំពុងរៀបចំគឺ ស្ថិតក្នុងដំណើរដែលវិវត្តន៍ខ្លួនទៅជាក្លឹបអាជីព ជាក់ស្ដែង រចនាសម្ព័ន្ធក្លឹប បច្ចុប្បន្នកំពុងតែមានកែប្រែបានយ៉ាងប្រសើរ ស្របពេលកីឡដ្ឋាន វិញក្លឹបក៏កំពុងរៀបចំដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅលើទីលាន 7NG នាឃុំវិហារសួគ៌សម្រាប់ធ្វើទឹកដីរបស់ខ្លួន ហើយនិងចំណុចចុងក្រោយ គឺយុវជនថ្នាលដែលក្លឹបត្រៀមចុះអនុស្សរណៈយោគយល់ បញ្ចូលឲ្យទៅជាតែមួយ ជាមួយ ក្រុមយុវជន Prak Football Academy នេះផ្ទាល់តែម្ដង។
សូមបញ្ជាក់ជាថ្មីផងដែរថា សម្រាប់រដូវកាល២០១៩នេះ ក្លឹបនៅលីគកំពូលកម្ពុជាមានតែ ៤ក្លឹបប៉ុណ្ណោះដែលទទួលបានអាជ្ញាប័ណ្ណក្លឹបទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) រួមមាន ក្លឹបបាល់ទាត់ភ្នំពេញក្រោន និង បឹងកេត ទទួលបានពេញលេញ បូករួមជាមួយ ណាហ្គាវើល និង វិសាខា ទាំង២ក្លឹបនេះស្ថិតនៅក្នុងការតាមដានពីសហព័ន្ធដែលអាចដកហូតវិញក្នុងករណីណាមួយ៕
ចុចអានអត្ថបទ៖ ក្លឹបបាល់ទាត់នៅកម្ពុជា ៤បានអាជ្ញាប័ណ្ណទទួលស្គាល់ពី AFC និងនីតិវិធីមួយចំនួន
រូបភាព៖ Prak Football Academy
អត្ថបទ៖ ណារ៉ុង