U-22 កម្ពុជា ត្រលប់មកប្រមូលផ្ដុំហ្វឹកហាត់ជាថ្មីស្អែកនេះ ជាមួយនឹងសមាសភាពកីឡាករផ្លូវការ

មាស សុផាណារ៉ុង February 7, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ នឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់សារជាថ្មីនៅថ្ងៃទី០៨ ខែកុម្ភៈ ស្អែកនេះ ដើម្បីត្រៀមក្នុងពានរង្វាន់ជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-22 Championship 2019 )។ នេះបើ​យោងតាមការបញ្ជាក់ដោយមន្ត្រីដែលកំពុងធ្វើការជាមួយក្រុមមួយនេះ។

ប្រភពដដែលខាងលើក៏បានបន្តទៀតថា ការប្រមូលផ្ដុំលើកនេះគឺជាការសម្រេចចុងក្រោយ ជាមួយនឹងសមាសភាពកីឡាករផ្លូវការ ដែលរួមមានបូកបញ្ចូលកីឡាករពីការធ្វើតេស្តលើកដំបូង បន្ថែមជាមួយកីឡាករដែលគ្រូបង្វឹក លោក Felix Dalmas បានជ្រើសរើសទុករួចជាស្រេច។ ដោយឡែកចំពោះបញ្ជីឈ្មោះវិញ ប្រភពតែមួយនេះបានបង្ហើបថា សហព័ន្ធកីឡាករបាល់ទាត់កម្ពុជា ទំនងប្រហែលជានឹងប្រកាសនៅថ្ងៃទី០៧ ខែកុម្ភៈ ផ្ទាល់តែម្ដងប៉ុន្តែសុំមិនលម្អិតបន្ថែមលើសនេះឡើយ។

សូមរំឮកថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ បានប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី១ ជាមួយកីឡាករសរុប ៥៤នាក់ កាលពីថ្ងៃទី២៦ ខែមករា ជាការហ្វឹកហាត់បែបធ្វើតេស្តរកកីឡាករបន្ថែមដើម្បីមកបង្រ្គប់ជាមួយកីឡាករដែលបានជ្រើសរើសរួចជាស្រេចដោយគ្រូបង្វឹក ខណៈការហ្វឹកហាត់ចាប់ពីថ្ងៃស្អែកទៅ គឹជាការហ្វឹកហាត់ផ្លូវការ ត្រៀមរហូតដល់ថ្ងៃប្រកួតតែម្ដង។

គួរបញ្ជាក់ថា ពានរង្វាន់ AFF U-22 Championship 2019 ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី១៧-២៦ ខែកុម្ភៈ ខាងមុខដោយមាន ៨ក្រុមចូលរួម បន្ទាប់ពីសិង្ហបុរី ប្រុយណេ និងឡាវ ប្រកាសដកខ្លួន ក្នុងនោះក្រុម U-22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U-22 មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈពូល A រួមមានក្រុម U-22 វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា 

អត្ថបទ៖ ណារ៉ុង

មតិយោបល់