ដឹងច្បាស់មូលហេតុ ដែលដាក់បញ្ចូល U-18 សាលា​បាល់ទាត់ជាតិ​ ចូលរួមលីគកំពូលកម្ពុជា រដូវកាល២០១៩

មាស សុផាណារ៉ុង February 6, 2019


 

ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ដែលហៅជាភាសាអង់គ្លេស ( CNCC ) បានប្រកាសជាផ្លូវការហើយ ជុំវិញការបញ្ចូលក្រុមចំនួន៣ ដែលនឹងត្រូវឡើងមកប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៩ ក្រោយមានការលើកឡើងតៗគ្នា។

ក្រុមទាំង ៣ដែល​ឡើងមក​​រដូវ​កាល​ថ្មី​ ​រួម​មាន​ ​​ក្លឹបបាល់ទាត់ខេត្តកំពង់ចាម , ​U-18 សាលា​បាល់ទាត់​ជាតិ​បាទី និង គីរីវង់​សុខសែន​ជ័យ នេះបើយោងតាមការប្រកាស នៅលើគេហទំព័រផ្លូវការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា មុននេះបន្តិច។

ចំពោះមូលហេតុ​ដែលនាំឲ្យក្រុមទាំង៣ បានទទួលឱកាសប្រកួតនៅលីគកំពូលកម្ពុជា រដូវកាល២០១៩ គឺបន្ទាប់កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ពិនិត្យ​ឃើញ​ថា​​ដោយសារមិន​មាន​ការ​ប្រកួត​លីគ​២ នា​ឆ្នាំ​កន្លង​ទៅ ទើបនាំឲ្យក្រុម គីរីវង់សុខសែន​ជ័យ និង​ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម​ ដែលទោះមិនបាន​​លេង​នៅ​លីគ​២ ​ក៏ក្រុមទាំងនេះអាច​មាន​លទ្ធភាព​​ឡើង​មក​ លីគ​កំពូល​បាន​ដែរ។​ ​ចំណែក​ ការ​ដាក់​បញ្ចូល​​ U​-18 សាលា​បាល់ទាត់ជាតិ​ វិញគឺ ​​ដើម្បី​ឲ្យ​ពួក​គេ​សុំា​ទៅ​នឹង​ការ​ប្រកួត​ធំ​ និង​ បង្កើន​​​សមត្ថភាព​ឲ្យ​បាន​ខ្ពស់​ ​​ក្នុង​បំណង​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ដូច្នេះការសម្រេចនេះបានសេចក្ដីថា រដូវកាល២០១៩ ក្រុមចំនួន១៤ នឹងត្រូវតតាំងគ្នាដណ្ដើមជើងឯកលីគកំពូលកម្ពុជា រួមមាន ណាហ្គាវើល , បឹងកេតអែហ្វស៊ី , វិសាខា , ក្រសួងការពារជាតិ , ភ្នំពេញក្រោន , ព្រះខ័នរាជស្វាយរៀង , អាស៊ីអឺរ៉ុបយូណាយធីត , អង្គរថាយហ្គឺរ , អគ្គស្នងការដ្ឋាននគរបាលជាតិ , សូលទីឡូអង្គរ , អគ្គីសនីកម្ពុជា និងសមាជិកថ្មីចំនួន ៣បន្ថែម រួមមាន គីរីវង់សុខសែនជ័យ , ខេត្តកំពង់ចាម និង U-18 យុវជនសាលាបាល់ទាត់ជាតិបាទី។

ដោយឡែកកាលបរិច្ឆេទនៃការប្រកួត គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ហើយនឹងបញ្ចប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នេះបើសិនជាគ្មានអ្វីប្រែប្រួល៕

 

ប្រភព និងរូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា 

អត្ថបទ៖ ណារ៉ុង

មតិយោបល់