ពានសម្តេចតេជោ ហ៊ុន សែន ចាប់ផ្ដើមចុងខែនេះ ជាមួយនឹងការបែងចែកចេញជាពីរវគ្គផ្សេងគ្នាដូចកាលពីឆ្នាំទៅ

មាស សុផាណារ៉ុង February 6, 2019


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ គ្រោងនឹងចាប់ផ្ដើមនៅចុងខែកុម្ភៈ នេះហើយ ដោយឆ្នាំនេះផងដែរក៏នឹងមានការប្រកួតដែលបែងចែកចេញជា ២វគ្គដូចកាលពីឆ្នាំ២០១៨ ដូចគ្នា ពោលគឺ វគ្គថ្នាក់ខេត្ត និងវគ្គថ្នាក់ជាតិ។

តាមគម្រោង ការប្រកួតវគ្គថ្នាក់ខេត្តនឹងចាប់ផ្ដើមមុន ពោលគឺនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានក្រុមទាំងអស់ចំនួន ២៣ចូលរួម ( ស្មើនឹង ២៣ខេត្ត ) ជាមួយនឹងការបែងចែកចេញជា ៦ពូល ( ពូល ​A ដល់ពូល F ) ហើយក្នុង១ពូលមាន ៤ក្រុម លើកលែងតែពូល F ដែលមានតែ៣ក្រុម ធ្វើការប្រកួតចំនួនមួយជើងប៉ុណ្ណោះ រៀងរាល់ថ្ងៃអង្គារ៍ និងថ្ងៃពុធ។

សម្រាប់សមាសភាពក្រុមទាំង២៣ ដែលនឹងត្រូវប្រកួតក្នុងវគ្គថ្នាក់ខេត្តរួមមាន៖ 

ពូល A ( បាត់ដំបង , ប៉ៃលិន , ពោធិ៍សាត់ និង បន្ទាយមានជ័យ )  ពូល B ( ស្វាយរៀង , ព្រៃវែង , ត្បូងឃ្មុំ និង កណ្ដាល )

ពូល C ( ស្ទឹងត្រែង , រតនៈគិរី , ក្រចេះ និង មណ្ឌលគីរី )  ពូល D ( កំពត , កែប , ព្រះសីហនុ និង កោះកុង )

ពូល E ( កំពង់ធំ , សៀមរាប , ឧត្តរមានជ័យ និងព្រះវិហារ )  ពូល F ( តាកែវ , កំពង់ស្ពឺ និងកំពង់ឆ្នាំង )

ជាមួយការប្រកួតដែលមានតែ ១ជើង ក្រុមចំនួន១៦ នឹងត្រូវរើសចេញពីចំណោមក្រុមទាំង២៣ ពោលគឺក្រុមលេខ ១ និងលេខ ២ ប្រចាំពូលទាំង៦ បូកបញ្ចូលជាមួយក្រុមលេខ ៣ល្អចំនួន ៤ក្រុមផ្សេងទៀត ដើម្បីប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ និងជាបន្តបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

បន្ទាប់មក ក្រុមដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៃវគ្គថ្នាក់ខេត្តចំនួន២ក្រុម នឹងទទួលបានកៅអីឡើងមកប្រកួតវគ្គថ្នាក់ជាតិ បន្តទៀត ជាមួយក្រុមចំនួន១៤ ដែលជាសមាជិកនៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ប្រកួតចំនួន២ជើង ( ក្នុងដី និងក្រៅដី ) លើកលែងតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកួតតែ ១ជើង។ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមចំនួន១៤ នៃលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០១៩ រួមមាន ណាហ្គាវើល , បឹងកេតអែហ្វស៊ី , វិសាខា , ក្រសួងការពារជាតិ , ភ្នំពេញក្រោន , ព្រះខ័នរាជស្វាយរៀង , អាស៊ីអឺរ៉ុបយូណាយធីត , អង្គរថាយហ្គឺរ , អគ្គស្នងការដ្ឋាននគរបាលជាតិ , សូលទីឡូអង្គរ , អគ្គីសនីកម្ពុជា និងសមាជិកថ្មីចំនួន ៣បន្ថែម រួមមាន គីរីវង់សុខសែនជ័យ , ខេត្តកំពង់ចាម និងយុវជនសាលាបាល់ទាត់ជាតិបាទី។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៣ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ យុវជនសាលាបាល់ទាត់ជាតិបាទី ក្រោយយកឈ្នះ គីរីវង់សុខសែនជ័យ ១ទល់២ ស្របពេលដែលក្រុមជើងឯពានរង្វាន់នេះជាផ្លូវការវិញ គឺបានទៅលើ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បន្ទាប់ពីបានយកឈ្នះ អគ្គស្នងការរដ្ឋាននគរបាលជាតិ ៣ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់