លើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់លីគកំពូលកម្ពុជា មានការបង្កើនចំនួនក្រុមដល់ ១៤ក្លឹប

មាស សុផាណារ៉ុង February 5, 2019


 

ភ្នំពេញ៖ ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៩ ត្រូវបានបង្ហើបឲ្យដឹងថា នឹងមានការបង្កើនចំនួនក្រុមរហូតដល់ ១៤ក្លឹប ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់លីគកម្ពុជា ដែលមានចំនួនក្រុមច្រើនបែបនេះ។

ប្រភពដ៏ច្បាស់ការមួយបានបង្ហើបឲ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមចំនួន១៤ នឹងត្រូវតតាំងគ្នាដណ្ដើមជើងឯកលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០១៩នេះ ដោយក្រុមទាំង ១៤នោះរួមមាន ណាហ្គាវើល , បឹងកេតអែហ្វស៊ី , វិសាខា , ក្រសួងការពារជាតិ , ភ្នំពេញក្រោន , ព្រះខ័នរាជស្វាយរៀង , អាស៊ីអឺរ៉ុបយូណាយធីត , អង្គរថាយហ្គឺរ , អគ្គស្នងការដ្ឋាននគរបាលជាតិ , សូលទីឡូអង្គរ , អគ្គីសនីកម្ពុជា និងសមាជិកថ្មីចំនួន ៣បន្ថែម រួមមាន គីរីវង់សុខសែនជ័យ , ខេត្តកំពង់ចាម និងយុវជនសាលាបាល់ទាត់ជាតិបាទី។

ចំនួនក្រុមដែលកើនឡើងដល់ ១៤ក្លឹបបែបនេះ ត្រូវបានចាត់ទុកថាជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រនៃលីគបាល់ទាត់កម្ពុជា បើធៀបទៅនឹងឆ្នាំកន្លងៗមក គិតចាប់ពីសតវត្សរ៍ទី២១ ( ឆ្នាំ២០០០ មក ) ដែលមានច្រើនបំផុតត្រឹម ១២ក្រុម។

ខាងក្រោមគឺជាទិន្នន័យរាប់ចាប់ពីឆ្នាំ ២០០០មក ស្រង់ពីវិបសាយ rsssf៖

ឆ្នាំ២០០០ ( មានចំនួន១០ក្រុម ) , ឆ្នាំ២០០១ ( មិនមានការប្រកួត ) , ឆ្នាំ២០០២ ( មិនបញ្ជាក់ចំនួនក្រុម ប៉ុន្តែតិចជាង១៤ក្រុម ) , ឆ្នាំ២០០៣ ( មិនមានការប្រកួត ) , ឆ្នាំ២០០៤ ( មិនមានការប្រកួត ) , ឆ្នាំ២០០៥ ( មានចំនួន១០ក្រុម )

ឆ្នាំ២០០៦ ( មានចំនួន១០ក្រុម ) , ឆ្នាំ២០០៧ ( មានចំនួន៨ក្រុម ) , ឆ្នាំ២០០៨ ( មានចំនួន១០ក្រុម ) , ឆ្នាំ២០០៩ ( មានចំនួន១០ក្រុម ) , ឆ្នាំ២០១០ ( មានចំនួន១០ក្រុម ) ឆ្នាំ២០១១ ( មានចំនួន១០ក្រុម ) , ឆ្នាំ២០១២ ( មានចំនួន១០ក្រុម )

ឆ្នាំ២០១៣ ( មានចំនួន១០ក្រុម ) , ឆ្នាំ២០១៤ ( មានចំនួន១២ក្រុម ) , ឆ្នាំ២០១៥ ( មានចំនួន១២ក្រុម ) , ឆ្នាំ២០១៦ ( មានចំនួន១០ក្រុម ) , ឆ្នាំ២០១៧ ( មានចំនួន១២ក្រុម ) , ឆ្នាំ២០១៨ ( មានចំនួន១២ក្រុម )

ក៏ដឹងទៀតផងដែរថា សម្រាប់កាលបរិច្ឆេទនៃការប្រកួតលីគកំពូលរដូវកាល២០១៩ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៨២ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នេះបើសិនជាគ្មានអ្វីប្រែប្រួល ខណៈការប្រកាសពីចំនួនក្រុមនៃលីគកំពូលរដូវកាល២០១៩ ជាផ្លូវការ ក៏នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា លីគកំពូលកម្ពុជា រដូវកាលចុងក្រោយបង្អស់មានក្រុមចំនួន ១២ចូលរួមប្រកួត ខណៈជើងឯកគឺបានទៅលើ ណាហ្គាវើល ស្របពេលដែលក្រុមត្រូវកាត់ចេញគឺ វេស្ទើនភ្នំពេញ ក្រោយមកក៏ប្រកាសដកខ្លួនពីលីគ បន្ទាប់ទទួលបានឱកាសឲ្យបន្តលេងក្នុងលីគគ្រាដែល លីគលំដាប់ទី២ កម្ពុជា មិនដំណើរការ៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់