សមាសភាពកីឡាករបរទេសទាំង៤រូបរបស់ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់រដូវកាល២០១៩

មាស សុផាណារ៉ុង February 3, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិកនៃក្រុមក្នុងលីគកំពូលកម្ពុជា បានធ្វើការបង្ហាញសមាសភាពកីឡាករថ្មីរបស់ខ្លួនរួចរាល់ហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងនោះមានទាំងការបង្ហាញកីឡាករបរទេស ៤រូប សុទ្ធសឹងតែជាកីឡាករធ្លាប់មានបទពិសោធន៍នៅលីគកំពូលកម្ពុជា។

ដូចដែលបានស្គាល់ កីឡាករបរទេស៣រូប រួមមាន កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen ដែលធ្លាប់ជាអតីតរបស់ក្លឹបភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ដែលលេងក្នុងតំណែងជាខ្សែប្រយុទ្ធ។

សមាជិកបរទេសទី២ គឺកីឡាករ Momoh Degule Sumaila ដែលជាអតីតសមាជិករបស់បឹងកេត និងអាស៊ីអឺរ៉ុបយូណាយធីត កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ លេងក្នុងតួនាទីជាខ្សែបម្រើការពារ និង ១រូបទៀតគឺខ្សែបម្រើស្លាបសញ្ជាតិនីហ្សេរីយ៉ាដូចគ្នា Mathew Osa ដែលក្លឹបចុងក្រោយលេងឲ្យណាហ្គាវើល ក្រោយរួមរស់ជាមួយវេស្ទើនភ្នំពេញ ២រដូវកាល។

រាប់ពីឆ្វេងទៅស្ដាំ Osa , Kumagai , Momoh និង Booysen

ទី៤ គឺជាកីឡាករសញ្ជាតិជប៉ុន វ័យ២២ឆ្នាំ ជាសមាជិកថ្មីបំផុតទើបតែមកប្រកបអាជីពនៅលីគកំពូលកម្ពុជា រដូវកាល២០១៩នេះមានឈ្មោះថា Shun Kumagai ក្នុងនាមជាខ្សែការពារកណ្ដាល កម្ពស់ដល់ទៅ ១,៩០ ម៉ែត្រ ធ្លាប់រួមរស់ជាមួយក្លឹបនៅលីគកំពូលជប៉ុន Ventforet Kofu ពីឆ្នាំ២០១៥-២០១៧ ប៉ុន្តែពុំដែលបានបង្ហាញខ្លួនឡើយ ( Ventforet Kofu បច្ចុប្បន្នធ្លាក់ទៅលេងនៅលីគទី២ ) មុនមកប៉ូលីស កាលពីឆ្នាំ២០១៨ កន្លងទៅ Kumagai បានលេងឲ្យក្លឹប Albirex Niigata Singapore FC នៅលីគកំពូលសិង្ហបុរី និងជួយឲ្យក្លឹបឈ្នះជើងឯកផងដែរ។

កីឡាករបរទេសទាំង៤រូបនេះ គឺជាកីឡាករដែលត្រូវបានសម្រេចចុះកិច្ចសន្យាជាមួយក្លឹបជាផ្លូវការ ដើម្បីត្រៀមតតាំងប្រកួតជាមួយក្រុមផ្សេងទៀតក្នុងលីគកំពូលកម្ពុជា។ បើតាមសម្ដីរបស់ លោក សារ៉េត ស៊ីដន គ្រូបង្វឹកនៃក្លឹបដែលតំណាងឲ្យស្ថាប័ននគរបាលជាតិមួយនេះ ថាបច្ចុប្បន្នក្លឹបសម្រេចយកកីឡាករបរទេស ៤នាក់សិន ខណៈថាតើនឹងបង្រ្គប់កីឡាករម្នាក់ទៀតឬយ៉ាងណានោះ លោកថានឹងមើលទៅតាមស្ថានភាពជាក់ស្ដែង។

គួរបញ្ជាក់ថា រដូវកាល២០១៩ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ហាក់បង្ហាញពីភាពវិវត្តន៍ខ្លួនមួយកម្រិតក្នុងការលីគកំពូលកម្ពុជា ក្រៅតែពីការនាំចូលកីឡាករដ៏មានបទពិសោធរួចហើយ ក្លឹបក៏បានតែងតាំង លោក ប្រាក់ សុវណ្ណារ៉ា ជាអ្នកចាត់ការទូទៅក្រុមផងដែរ និងផែនការមួយចំនួនទៀតដូចជាការសាងសង់កីឡដ្ឋានផ្ទាល់ខ្លួន ដើម្បីទទួលបានឈ្មោះជាក្លឹបអាជីព៕

 

ចុចអានអត្ថបទ៖ ផ្លូវការ៖ លោក ប្រាក់ សុវណ្ណារ៉ា ចូលដឹកនាំក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនាមជាអ្នកចាត់ការទូទៅ

ចុចអានអត្ថបទ៖ ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងប្រើប្រាស់កីឡដ្ឋាន 7NG ធ្វើជាទឹកដីរបស់ខ្លួន ចាប់ពីរដូវកាល២០១៩

 

រូបភាព៖ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ & Singapore Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់