ប្រកួតដំបូង វឌ្ឍនាកា បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ក្នុងជំនួបស្មើជាមួយក្រុមរបស់ ធារី ចន្ថាប៊ីន

មាស សុផាណារ៉ុង February 2, 2019


 

គូឡាឡាំពួរ៖ ខ្សែប្រយុទ្ធប្រជាប្រិយភាពរបស់កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ( Assist ) បាន ១គ្រាប់ ក្នុងជំនួបបើករដូវកាលនៃលីគកំពូលម៉ាឡេស៊ី ដែលស្មើជាមួយក្រុម Terengganu FC របស់ ធារី ចន្ថាប៊ីន ដោយលទ្ធផល ១ទល់១។

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៩ ដែលបានបើកការប្រកួតរដូវកាលថ្មី កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ម្សិលមិញ ជំនួបរវាងក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ប៉ះក្រុម PKNS FC របស់កីឡាករ ចាន់ វឌ្ឍនាកា នៅកីឡដ្ឋាន Sultan Ismail Nasiruddin Shah នាវេលាម៉ោង ៨យប់ គឺបានក្លាយជាប្រកួតគួរឲ្យចាប់អារម្មណ៍ជាងគេ សម្រាប់អ្នកគាំទ្រកម្ពុជា គ្រាដែលកីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានត្រឡប់ទៅប្រកបអាជីពលើកទី២ ក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ជាមួយក្លឹប PKNS FC ស្របពេលកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវបានក្លឹប Terengganu FC បន្ដកុងត្រឹម ១រដូវកាលទៀត ក្រោយជួយក្លឹបនេះ ទទួលបានចំណាត់ថ្នាក់លេខ៥ កាលពីរដូវកាលឆ្នាំ២០១៨។

ជាការប្រកួតដែលធ្វើឡើងនៅលើទឹកដីរបស់ Terengganu FC ប៉ុន្តែក្រុមភ្ញៀវ PKNS FC បានបើកការនាំមុខមុន ខណៈគ្រាប់របស់ក្រុមនេះកើតចេញពីការរួមចំណែករបស់កីឡាករ ចាន់ វឌ្ឍនាកា ផងដែរពោលគឺជាការបញ្ជូនបាល់ពីជ្រុងទៅឲ្យខ្សែប្រយុទ្ធ Nicholas Swirad តែតបានសម្រេចនៅនាទី៦៥។ គ្រាប់បាល់តាមស្មើរបស់ Terengganu FC បានកើតឡើងគឺស្ទើរតែនឹងហួសពេលទៅហើយ ដោយកីឡាករ Malik Ariff នៅនាទី៨៩ យ៉ាងណាលទ្ធផលនៃក្រុមទាំង២ បានបញ្ចប់ទៅដោយចែកគ្នាម្នាក់១ពិន្ទុ ក្នុងសប្ដាហ៍ដំបូង។

ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖

 

រូបភាព និងវីដេអូ៖ PKNS FC & Malaysian Football League

អត្ថបទ៖ ណារ៉ុង

មតិយោបល់