ក្រោយចេញបញ្ជីឈ្មោះ Cambodia All Stars នឹងមានការប្រកួតកម្ដៅសាច់ដុំជាមួយ African All Stars មុនប៉ះ MTUTD

មាស សុផាណារ៉ុង February 2, 2019


 

ភ្នំពេញ៖ បញ្ជីឈ្មោះក្រុមកីឡាករបាល់ទាត់ជម្រុះជាតិសាសន៍ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ឬហៅថា Cambodia All Stars បានចេញជាផ្លូវការហើយ ក្នុងនោះមានកីឡាករមកពីក្លឹបចំនួន ៧នៃលីគកំពូលកម្ពុជា។

សមាសភាពកីឡាករដែលស្ថិតក្រោមការដឹកនាំរបស់ លោក ភា សុភ័ក្ដ្រា ដែលជាគ្រូបង្វឹកមកពីក្លឹបក្រសួងការពារជាតិ បានកោះហៅកីឡាករសរុបចំនួន ២៧នាក់ ក្នុងនោះរួមមានមកពីក្រសួងការពារជាតិ ៦នាក់ ណាហ្គាវើល ៥នាក់ បឹងកេតអែហ្វស៊ី ៥នាក់ ព្រះខ័នរាជស្វាយរៀង ៤នាក់ វិសាខា ៣នាក់ អង្គរថាយហ្គឺរ ២នាក់ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ម្នាក់ ភ្នំពេញក្រោន ម្នាក់។

អ្វីដែលជាការចាប់អារម្មណ៍ផងដែរ ក្នុងចំណោមកីឡាករទាំង២៧រូប មានតែ ៥រូបប៉ុណ្ណោះដែលជាកីឡាករបរទេសពោលគឺមានជប៉ុន ២នាក់ កាម៉េរូន ១រូប កូឌីវ័រ ១រូប និងអេហ្ស៊ីប ១រូប។

ក្រោយការចេញបញ្ជីឈ្មោះនេះ កីឡាករដែលមានឈ្មោះទាំងអស់ នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃច័ន្ទ ទី០៤ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិ រហូតដល់ថ្ងៃប្រកួតមកដល់ ប៉ុន្តែដើម្បីជាការត្រៀមផងដែរនោះ ក្រុម Cambodia All Stars នឹងមានការប្រកួតកម្ដៅសាច់ដុំមួយផងដែរ ជាមួយក្រុម African All Stars ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែដដែល ពហុកីឡដ្ឋានជាតិ វេលាម៉ោង ៥ល្ងាច។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុម Cambodia All Stars និងក្រុមខ្លាំងថៃ Muangthong United ផ្លូវការហើយ នៅថ្ងៃទី០១ ខែកុម្ភៈនេះ គ្រាដែលការប្រកួតនឹងចាប់ផ្ដើម នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើទីលានពហុកីឡដ្ឋានជាតិ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់