មតិ លោក ប្រាក់ សុវណ្ណារ៉ា ជុំវិញតំណែងជាអ្នកចាត់ការទូទៅនៃក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ

មាស សុផាណារ៉ុង February 1, 2019


 

ភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសតែងតាំង លោក ប្រាក់ សុវណ្ណារ៉ា ឲ្យកាន់តួនាទីជាអ្នកចាត់ការទូទៅក្លឹប ខណៈភ្លាមៗក្រោយទទួលបានតួនាទីនេះ អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជារូបនេះ បានសម្ដែងមតិផងដែរជុំវិញតំណែងនេះ។

ពីបន្ទប់សន្និសីទសារព័ត៌មាន លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «តាមធម្មតានៅលើពិភពលោក មិនមែនទើបតែឥលូវទេ យូរឆ្នាំមកហើយ មានន័យថាមានក្រុមភាគច្រើនជាពិសេសក្រុមអាជីពនៅលើពិភពលោក តួនាទីរបស់គ្រូ គឺគេប្រើថាជាអ្នកចាត់ការក្រុម ( Team Manager ) នេះជារឿងធម្មតា ហើយនៅក្នុងស្រុកខ្មែរយើងដែលខ្ញុំធ្លាប់ដឹកនាំក្លឹបដ៏ច្រើន បើទោះបីជាក្រុមជម្រើសជាតិក៏ដោយ ក៏យើងបានបែងចែកជា២ ទី១ អ្នកចាត់ការក្រុម ទី២ គ្រូបង្វឹក អច្ចឹងនេះក៏ជាការបើកទំព័រថ្មីមួយផងដែរសម្រាប់បាល់ទាត់ខ្មែរយើង»។

គ្រូបង្វឹកដែលមានបទពិសោធជោគជាំក្នុងវិស័យបាល់ទាត់ខ្មែររូបនេះ បានបន្តថា៖ «កាលណាបើសិនជាយើងចង់ឲ្យ ក្លឹបក្លាយជាក្លឹបអាជីព ចង់ឲ្យលីគក្លាយជាលីគអាជីព គឺទាល់តែយើងព្យាយាមដើរតាមគេដែរ ដូចជាអ្នកចាត់ក្រុម Chelsea , Manchester United ក្រុម Man City គឺគេដាក់តួនាទីជាអ្នកចាត់ការក្រុម មានន័យថាទទួលខុសត្រូវទាំងស្រុងនៅលើ មិនមែនតែបញ្ហានៅលើទីលានមួយមុខទេ ពីព្រោះពេលខ្លះបើសិនជាយើង ដាក់ឈ្មោះថាជាគ្រូបង្វឹកអាចនិយាយបានថាឲ្យយើងស្រមៃនៅលើទីលាន ប៉ុន្តែធាតុពិតគ្រូបង្វឹកមានតួនាទីច្រើន មានកិច្ចការច្រើនលើសពីអ្វីដែលមានលើទីលាន ព្រោះទីលានយើងដឹងហើយថាក្នុងមួយថ្ងៃវាមិនលើស ២ម៉ោងទេ អច្ចឹងកិច្ចការខាងក្រៅទាក់ទង់នឹងការពិភាក្សា ទាក់ទងនឹងការរៀបចំផែនការ ទាក់ទង់និងទំនាក់ទំនងគ្រប់ផ្នែកទាំងអស់ ដែលរួមចំណែក​ឲ្យក្លាយជាក្លឹបអាជីព យើងនិយាយចំពោះស្រុកខ្មែរតំណែងថ្មី ប៉ុន្តែនៅលើពិភពលោកអត់មានអីថ្មីទេ ជារឿងមួយគេប្រើយូរឆ្នាំហើយ»។

លោក ប្រាក់ សុវណ្ណារ៉ា​ ក៏បានបន្ថែមទៀតផងដែរថា ក្រោយទទួលបានតួនាទីនេះ លោកសង្ឃឹមថាក្លឹបនឹងមានលទ្ធភាពអាចប្រជែងជាមួយបណ្ដាលក្លឹបធំៗនៅក្នុងលីគ និងរូបលោក ព្រមទាំងក្លឹបទាំងមូលនឹងប្រឹងប្រែងដូចគ្នា សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ។

គួរបញ្ជាក់ថា លោក ប្រាក់ សុវណ្ណារ៉ា គឺជាគ្រូបង្វឹកដ៏មានបទពិសោធន៍ម្នាក់ ដោយធ្លាប់ដឹកនាំក្រុមធំៗ រួមមានព្រះខ័នរាជស្វាយរៀង ណាហ្គាវើល គិរីវង់សុខសែនជ័យ ចុងក្រោយគឺដឹកនាំបឹងកេតបាន ២រដូវកាល ហើយបានជួយក្រុមនេះ ឈ្នះជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ និងឈ្នះជើងឯករង ពាន Toyota Mekong Club 2015។ តែក្រោយចែកផ្លូវជាមួយបឹងកេត នៅដើមឆ្នាំ២០១៧ មិនបានដឹកនាំក្លឹបណាមួយឡើយក្រៅតែពីក្រុមជម្រើសជាតិកម្ពុជា ទើបតែពេលនេះ លោកសម្រេចចិត្តមកដឹកនាំក្រុមប៉ូលិស៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់