ធារី ចន្ថាប៊ីន ប៉ះ ចាន់ វឌ្ឍនាកា ជាថ្មីម្ដងទៀតក្នុងជំនួបបើកឆាកលីគកំពូលម៉ាឡេស៊ី យប់នេះ

មាស សុផាណារ៉ុង February 1, 2019


 

គូឡាឡាំពួរ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៩ នឹងបើកការប្រកួតរដូវកាលថ្មី នាយប់ថ្ងៃទី០១ ខែកុម្ភៈនេះហើយ ដោយមាន ២ប្រកួត តែគួរប្រកួតឲ្យចាប់អារម្មណ៍ជាងគេ សម្រាប់អ្នកគាំទ្រកម្ពុជា គឺជំនួបរវាងក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ប៉ះក្រុម PKNS FC របស់កីឡាករ ចាន់ វឌ្ឍនាកា នៅកីឡដ្ឋាន Sultan Ismail Nasiruddin Shah នាវេលាម៉ោង ៨យប់។

នេះគឺជាការប្រកួតដ៏ជក់ចិត្ត ដែលអ្នកគាំទ្រកម្ពុជា ទន្ទឹងរង់ចាំ ក្រោយកីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានត្រឡប់ទៅប្រកបអាជីពលើកទី២ ក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ជាមួយក្លឹប PKNS FC ស្របពេលកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវបានក្លឹប Terengganu FC បន្ដកុងត្រឹម ១រដូវកាលទៀត ក្រោយជួយក្លឹបនេះ ទទួលបានចំណាត់ថ្នាក់លេខ៥ កាលពីរដូវកាលឆ្នាំ២០១៨។

ចំណែក ១ប្រកួតទៀត ដែលត្រូវជួបគ្នា បើកឆាកលីគកំពូលម៉ាឡេស៊ី ក្នុងម៉ោងជាមួយគ្នាយប់នេះ គឺអតីតក្រុមចាស់របស់ ចាន់ វឌ្ឍនាកា គឺក្រុម Pahang FA ត្រូវជួបក្រុមម្ចាស់ផ្ទះ Kuala Lumpur នៅកីឡដ្ឋាន KLFA។

ដូច្នេះចាំមើលល្ងាចនេះ តើក្រុមណាខ្លះ នឹងទទួលបាន ៣ពិន្ទុពីការប្រកួតដំបូង សម្រាប់សប្ដាហ៍ទី១ នៃលីគមាន ១២ក្លឹបចូលរួម ដូចលីគកំពូលកម្ពុជាដែលនេះ?

 

រូបភាព៖ Terengganu និង PKNS

អត្ថបទ៖ បុត្រា

មតិយោបល់