សំបុត្រទស្សនា Cambodia All Stars ប៉ះ Muangthong ដាក់លក់ហើយ!

នូ មករា February 1, 2019


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលក់សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុម Cambodia All Stars និងក្រុមខ្លាំងថៃ Muangthong United ផ្លូវការហើយ នៅថ្ងៃទី០១ ខែកុម្ភៈនេះ គ្រាដែលការប្រកួតនឹងចាប់ផ្ដើម នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

សម្រាប់សំបុត្រចូលទស្សនាការប្រកួតមិត្តភាពប្រចាំឆ្នាំនេះ ក៏មិនខុសពីសំបុត្រទស្សនាក្រុមជម្រើសជាតិកម្ពុជាប្រកួតដែរ ដោយតំបន់មានកៅអីអង្គុយតម្លៃ ១០,០០០រៀល និងតំបន់ធម្មតាតម្លៃ ៥,០០០រៀល ។ ប៉ុន្ដែអ្វីដែលពិសេស ចំពោះថវិកាទទួលបានពីការលក់សំបុត្រ និងអាវយឺតគាំទ្រការប្រកួតនេះ នឹងបញ្ចូលក្នុងគម្រោងបណ្ដុះបណ្ដាលកីឡាករបាល់ទាត់កម្រិតយុវជន សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសគឺសាលាតម្រង់ទិសបាល់ទាត់របស់សហព័ន្ធតែម្ដង។

ប៉ុន្ដែដែលគួរឲ្យចាប់អារម្មណ៍មួយទៀត ទោះបីសហព័ន្ធបានប្រកាសលក់សំបុត្រក៏ពិតមែន តែបញ្ជីឈ្មោះកីឡាករក្រុម Cambodia All Stars មិនទាន់បង្ហាញនោះទេ ដែលធ្វើឲ្យមានការចង់ដឹងជាខ្លាំងពីសំណាក់អ្នកគាំទ្រ ។ តែលោក ភា សុភ័ក្ដ្រា គ្រូបង្គោលក្រុមកីឡាករជម្រើសលីគកំពូលកម្ពុជានេះ បានអះអាងថា លោកបានជ្រើសរើសកីឡាកររួចរាល់ហើយ ហើយក៏សុទ្ធសឹងជាកីឡាករល្អៗក្នុងក្ដីសុបិនរបស់ខ្លួនដែរ ដើម្បីត្រៀមការប្រមូលផ្ដុំផ្លូវការ នាថ្ងៃទី០៤ ខែកុម្ភៈខាងមុខ។

គួរបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលក្រុម Cambodia All Stars និងក្រុម Muangthong United ត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិ ខណៈជួបគ្នា ២លើកមុន បានបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ម្ដងម្នាក់ ក្នុងនោះលើកទី១ ក្រុម Cambodia All Stars ឈ្នះក្នុងលទ្ធផល ៤-៣ និងលើកទី២ ក្រុម Muangthong United សងសឹកបានវិញជាមួយលទ្ធផល ៤-០ ។ ដូច្នេះចាំមើលលើកទី៣ តើក្រុមម្ចាស់ផ្ទះ ឬក្រុមភ្ញៀវ នឹងទទួលបានជ័យជម្នះពីការប្រកួតដ៏កក្រើកនេះ?

អត្ថបទ៖ បុត្រា

មតិយោបល់