ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងប្រើប្រាស់កីឡដ្ឋាន 7NG ធ្វើជាទឹកដីរបស់ខ្លួន ចាប់ពីរដូវកាល២០១៩

មាស សុផាណារ៉ុង February 1, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសពីការកំណត់ទីតាំងប្រើប្រាស់កីឡដ្ឋានផ្ទាល់ខ្លួន សម្រាប់រដូវកាលថ្មី២០១៩ នៃលីគកំពូលកម្ពុជា ក៏ដូចជាពានសម្តេចតេជោ ហ៊ុន សែន ថានឹងយកទីលានបាល់ទាត់ដែលមានមូលដ្ឋាន នៅក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពោលគឺលើទីលាន 7NG។

បើតាមការបញ្ជាក់ ដោយអនុប្រធានក្លឹប លោក ជឹង ឃៀងលី បានឲ្យដឹងថា ក្លឹបបានសម្រេចជ្រើសរើសកីឡដ្ឋានថ្មីរួចរាល់ហើយសម្រាប់រដូវកាល២០១៩ ពោលគឺនឹងយកកីឡដ្ឋាន 7NG ធ្វើជាទឹកដីរបស់ខ្លួន។

អនុប្រធានក្លឹបវ័យក្មេងដដែលរូបនេះបានបន្តទៀតថា កីឡដ្ឋានថ្មីនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការសាងសង់បន្ថែម ដោយមានការរៀបចំកន្លែងអង្គុយទស្សនាដោយជំហានដំបូងអាចផ្ទុកបានយ៉ាងហោចណាស់ ១,២០០នាក់ និងហេដ្ឋារចនាសម្ព័ន្ធដូចជាបន្ទប់ផ្លាស់សម្លៀកបំពាក់ និងបន្ទប់សម្រាប់អាជ្ញាកណ្ដាលជាដើម ហើយជាមួយនឹងទីលាន ២ជាប់គ្នា ដែលស្មៅបានបំពេញរួចស្រេច ទីលាន១ នឹងបម្រើដល់ការហ្វឹកហាត់ ហើយទីលាន ១ទៀត គឺសម្រាប់បម្រើដល់ការប្រកួតផ្លូវការផ្ទាល់តែម្ដង។

អនុប្រធានក្លឹប លោក ជឹង ឃៀងលី អង្គុយកណ្ដាល

ដោយឡែកជុំវិញថាតើកីឡដ្ឋាននេះរួចរាល់សម្រាប់ការប្រកួតហើយឬយ៉ាងណានោះ អនុប្រធានក្លឹបដែលធ្លាប់ធ្វើការជាមួយក្រុមជម្រើសជាតិកម្ពុជា កាលពីជំនាន់ជាមួយ លោក Leonardo Vitorino រូបនេះបានបង្ហើបនៅមិនទាន់ប្រាកដពេលវេលាដែលអាចចូលបាននៅឡើយទេ ប៉ុន្តែប្រាកដថានឹងអាចប្រើប្រាស់សម្រាប់ចាប់ពីរដូវកាល២០១៩ តទៅ លោកបន្តថានឹងពន្លឺនការសាងសង់ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ខណៈបើយឿតយ៉ាវនៅប៉ុន្មានប្រកួតដំបូង ក្លឹបអាចនឹងប្រើប្រស់កីឡដ្ឋានជាតិបណ្ដោះអាសន្នសិន។

គួរដឹងដែរថា ដើមឡើយអគ្គស្នងការដ្ឋាននគរបាលជាតិ មានគម្រោងយកទីលាន 7NG នេះមកធ្វើជាទឹកដីផ្ទាល់ខ្លួនតាំងពីរដូវកាលមុន ប៉ុន្តែដោយសារការរៀបចំមិនទាន់ក៏បង្ខំចិត្តឲ្យក្លឹបប្រើប្រាស់កីឡដ្ឋានជាតិ ធ្វើជាទឹកដីបណ្ដោះអាសន្នវិញ៕

 

រូបភាព៖ 7 NG SOCCER TEAM

អត្ថបទ៖ ណារ៉ុង

មតិយោបល់