ផ្លូវការ៖ លោក ប្រាក់ សុវណ្ណារ៉ា ចូលដឹកនាំក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនាមជាអ្នកចាត់ការទូទៅ

នូ មករា February 1, 2019


 

ភ្នំពេញ៖ ក្រោយខកខានដឹកនាំក្លឹបអាជីព ២រដូវកាល លោក ប្រាក់ សុវណ្ណារ៉ា បានត្រឡប់មកប្រឡូកជាថ្មីទៀតហើយ ជាមួយនឹងការដឹកនាំក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ក្នុងនាមជាអ្នកចាត់ការទូទៅ។ នេះបើតាមការប្រកាសផ្លូវការ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញសមាសភាពកីឡាកររបស់ក្លឹបប៉ូលិស នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ក្រៅតែពីការតែងតាំង លោក ប្រាក់ សុវណ្ណារ៉ា ជាអ្នកចាត់ការទូទៅក្លឹបរួចហើយ ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានតែងតាំង លោក សារ៉េត ស៊ីដន ឲ្យក្លាយជាគ្រូបង្វឹកនៃក្លឹបផងដែរ ខណៈដែលលោកក៏ជាអតីតគ្រូជំនួយនៃក្លឹបនេះផងដែរនោះ។

គួរបញ្ជាក់ថា លោក ប្រាក់ សុវណ្ណារ៉ា គឺជាគ្រូបង្វឹកដ៏មានបទពិសោធន៍ម្នាក់ ដោយធ្លាប់ដឹកនាំក្រុមធំៗ រួមមានព្រះខ័នរាជស្វាយរៀង ណាហ្គាវើល គិរីវង់សុខសែនជ័យ ចុងក្រោយគឺដឹកនាំបឹងកេតបាន ២រដូវកាល ហើយបានជួយក្រុមនេះ ឈ្នះជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ និងឈ្នះជើងឯករង ពាន TOYOTA Mekong Club 2015 ។ តែក្រោយចែកផ្លូវជាមួយបឹងកេត នៅដើមឆ្នាំ២០១៧ មិនបានដឹកនាំក្លឹបណាមួយឡើយ ទើបតែពេលនេះ លោកសម្រេចចិត្តមកដឹកនាំក្រុមប៉ូលិស ៕

 

 

អត្ថបទ៖ បុត្រា

មតិយោបល់