ពិតជាប្លែក! Cambodia All Stars ឆ្នាំនេះមានប្រធានក្រុម ២នាក់ តែមិនមែនជាកីឡាករទ័ពទេ!

មាស សុផាណារ៉ុង January 31, 2019


ភ្នំពេញ៖ ពិតជាប្លែក! សម្រាប់ក្រុម K-Cement Cambodia All Stars ដែលត្រៀមប្រកួតមិត្តភាពជាមួយក្រុម SCG Muangthong United នាថ្ងៃទី០៩ ខែកុម្ភៈខាងមុខ នឹងមានការបែងចែកជា ២ក្រុម ហើយក៏មានប្រធានក្រុម ២នាក់ដែរ តែក្នុងចំណោមប្រធានក្រុមនោះ មិនមានកីឡាករក្រសួងការពារជាតិ (ទ័ព) នោះទេ ត្បិតលោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ត្រូវដឹកនាំក្រុមក៏ដោយ។

លោក ភា សុភ័ក្ដ្រា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតមិត្តភាពខាងលើ កាលពីព្រឹកមិញថា លោកបានត្រៀមកីឡាករក្នុងក្ដីស្រម៉ៃរបស់ខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតដ៏សំខាន់នេះ។ ប៉ុន្ដែលោកនឹងជ្រើសរើសប្រធានក្រុមចំនួន ២នាក់ សម្រាប់ដឹកនាំក្រុមលើទីលាន គឺមានកីឡាករក្លឹបព្រះខ័នរាជស្វាយរៀង សឿយ វិសាល និងកីឡាករក្លឹបណាហ្គាវើល គួច សុកុម្ភៈ។

លោកបញ្ជាក់ថា «ឥលូវនេះសម្រាប់ប្រធានក្រុម គឺមាន ២នាក់ ដោយសារការរៀបចំ និងរបៀបនៃការលេង យើងមានការផ្លាស់ប្ដូរដោយសេរី អុីចឹងខ្ញុំប្រហែលជាចែកជា ២ក្រុម ដោយមានប្រធានក្រុមទី១ និងប្រធានក្រុមទី២ ក្នុងនោះមាន សឿយ វិសាល និង គួច សុកុម្ភៈ ហើយ ខ្ញុំនឹងធ្វើការរៀបចំ ការប្រកួតវគ្គទី១ និងវគ្គទី២ អ្នកជាប្រធានក្រុម»។ លោកថា ការជ្រើសរើសពួកគេ ព្រោះអ្នកទាំងពីរ មានបទពិសោធន៍ច្រើន និងមានភាពជាគំរូដ៏ល្អ សម្រាប់យុវជនជំនាន់ក្រោយ។

គួរបញ្ជាក់ថា ក្រុម K-Cement Cambodia All Stars និងក្រុមខ្លាំងថៃ SCG Muangthong United នឹងត្រូវជួបគ្នាជាលើកទី៣ នៅលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News។ ចំណែកលទ្ធផលកាលពីជួបគ្នា ២លើកមុន គឺឈ្នះ-ចាញ់ម្ដងម្នាក់ ក្នុងនោះឆ្នាំ២០១៦ ក្រុមម្ចាស់ផ្ទះ K-Cement Cambodia All Stars បានទទួលជ័យជម្នះ ៤-៣ ខណៈលើកទី២ ក្រុម SCG Muangthong United សងសឹកបានវិញជាមួយលទ្ធផល ៤-០៕

អត្ថបទ៖ បុត្រា

មតិយោបល់