អាស៊ីអឺរ៉ុប ចាប់ផ្ដើមសាងសង់ទីលានស្មៅសិប្បនិម្មិតសម្រាប់ហ្វឹកហាត់ហើយ

មាស សុផាណារ៉ុង January 31, 2019


 

ភ្នំពេញ៖ ការសាងសង់ទីលានស្មៅសិប្បនិម្មិត ក្នុងបរិវេណកីឡដ្ឋាន AEU Sport Park របស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានចាប់ផ្ដើមដំណើរការសាងសង់ហើយ បន្ទាប់ពីបានប្រកាសគម្រោងនៅក្នុងខែមករានេះ។ ទីលានស្មៅសិប្បនិម្មិតនេះ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន AEU Sport Park ផ្ទាល់តែម្ដង ក្រោយទទួលបានការគាំទ្រ និងជំរុញពីឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាងសង់ឡើងដើម្បីសម្រួលដល់ការហ្វឹកហាត់ និងការប្រកួតឲ្យកាន់តែល្អប្រសើរ។

ទីលានដដែលនេះ ត្រូវសាងសង់ក្នុងទំហំស្ដង់ដារមួយ ដែលអាចបម្រើឲ្យការហ្វឹកហាត់របស់ក្រុមធំបាន ហើយក៏មានបែងចែកជាការធ្វើទីលានហ្វូតសាតតូចៗ សម្រាប់ក្រុមយុវជន និងក្រុមផ្សេងៗ ស្ថិតក្នុងឃុំស្វាយជ្រុំ បានចូលរួមប្រកួត ដើម្បីទទួលបានសុខភាពល្អ និងបំផុសចលនាលេងកីឡាឲ្យកាន់តែច្រើន ពេលទីលាននេះទំនេរពីការហ្វឹកហាត់ដែរ នេះបើតាមការបញ្ជាក់ដោយ លោក ផេង ចន្នា មន្ដ្រីព័ត៌មានរបស់ក្លឹបថ្លែងប្រាប់ក្រុមការងារ CAMSPORTS កាលពីពេលដើមខែមករា។

ចំពោះព័ត៌មានចុងក្រោយ តាមការឲ្យដឹងពី លោក សុក វាសនា ដែលជាគ្រូបង្វឹកនៃក្លឹបដែលមានមូលដ្ឋាននៅតំបន់អរិយក្សត្រ មួយនេះ ថាគម្រោងសាង់សង់ទីលានស្មៅសិប្បនិម្មិត នឹងបញ្ចប់នៅចុងខែកុម្ភៈខាងមុខ ខណៈថវិកាដែលត្រូវចំណាយ សរុបទាំង ២ទីលាន និងការជួសជុសផ្សេងៗ អស់ខ្ទង់ ១០០,០០០ មុឺនដុល្លារអាមេរិក ដោយមិនគិតពីការលើកទំនប់ពង្រីកទំហំ និងកម្ពស់អោយខ្ពស់ជាងមុនហើយចាក់បេតុង។


គួរបញ្ជាក់ថា កីឡដ្ឋាន AEU Sport Park និងប្រើប្រាស់បានជិត ១រដូវកាល ក្នុងឆ្នាំ២០១៨ តែគួរឲ្យស្ដាយ នៅចុងរដូវកាល ដោយសារគ្រោះទឹកជំនន់ កីឡដ្ឋាននេះ បានរងការលេចលង់ជាច្រើនខែ ធ្វើឲ្យខូចខាតស្មៅទាំងស្រុង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ឥលូវកីឡដ្ឋាននេះ បានជួសជុល និងរៀបចំឡើងវិញហើយ ដើម្បីត្រៀមស្វាគមន៍រដូវកាលថ្មីខាងមុខ ទាំងការប្រកួតលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩៕

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU & CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់