លោក ភា សុភ័ក្ដ្រា ថា កាលឆ្នាំ២០១៦ អង្គុយមើល Muangthong តែឆ្នាំនេះដឹកនាំកូនក្រុមប្រកួតវិញម្តង!

នូ មករា January 31, 2019


ភ្នំពេញ៖ ក្នុងពិធីសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ លោក ភា សុភ័ក្ដ្រា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្តល់ទំនុកចិត្តជាគ្រូបង្វឹកដឹកនាំក្រុម Cambodia All Stars ត្រៀមប៉ះក្រុម Muangthong United នាថ្ងៃទី៩ ខែកុម្ភៈ ខាងមុខនេះបានថ្លែងថា លោកមានក្តីរំភើប និងរីករាយសម្រាប់ឱកាសដ៏សំខាន់នេះ។

គ្រូធំដែលបានដឹកនាំក្រុមទ័ពលើកពានសម្តេចហ៊ុន សែន ឆ្នាំ២០១៨កន្លងមកបានលើកឡើងថា៖ “សម្លឹងទៅឆ្នាំ២០១៦ ខ្ញុំពាក់អាវ Muangthong United ហើយអង្គុយទស្សនា តែឆ្នាំ២០១៩ ខ្ញុំបានឱកាសដឹកនាំការប្រកួត ដូច្នេះក្នុងនាមគ្រូបង្វឹក ខ្ញុំប្ដេជ្ញានឹងខិតខំធ្វើឲ្យបានល្អដើម្បីដឹកនាំក្រុម Cambodia All Stars ទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ។”

ជាមួយគ្នានេះ លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធបានបន្ថែមថា៖ “សហព័ន្ធរីករាយ និងអបអរសាទរ ចំពោះការប្រកួតនេះ ដែលជាព្រឹត្ដិការណ៍សំខាន់ សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ដោយផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកគាំទ្រ តាមរយៈជំនួបជាមួយក្រុមខ្លាំង Muangthong United ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ការបើកលីគរដូវកាលថ្មីផងដែរ។ ដោយសារកម្ពុជាកំពុងត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម អុីចឹងកម្ពុជាមានកម្មវិធីជាច្រើនដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់ ដូច្នេះការរួមចំណែករបស់ក្រុមហ៊ុន និងប្រាក់ចំណូលផ្សេងៗ នឹងផ្ដល់ជូនសហព័ន្ធសម្រាប់ប្រើប្រាស់ក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន។”

លោកក៏បានអគុណដល់ក្លឹប Muangthong United ដែលបានបញ្ជូនកីឡាករលំដាប់ទី១ មាកចូលរួមការប្រកួតនេះជាលើកទី៣ ហើយលោករំពឹងថា នឹងទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមទៀត ពីសំណាក់អ្នកគាំទ្រកម្ពុជាដូចឆ្នាំកន្លងមកដែរ៕
អត្ថបទ៖ បុត្រា

មតិយោបល់