ដឹងសមាសភាពកីឡាករបរទេសខ្លះៗរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ មុនប្រកាសជាផ្លូវការនៅថ្ងៃស្អែក

មាស សុផាណារ៉ុង January 31, 2019


ភ្នំពេញ៖ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្មីៗនេះបានប្រកាសពីគម្រោងនៃការរៀបចំសន្និសីទសារព័ត៌មានស្ដីអំពីការបង្ហាញកីឡាករថ្មីនៃក្លឹបរបស់ខ្លួន ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែ កុម្ភៈ ស្អែកនេះ រួមជាមួយផែនការមួយចំនួនរបស់ក្លឹបផងដែរ សម្រាប់រដូវកាល២០១៩។

តាមការសង្កេតពីអ្នកគាំទ្រនាមួយរយៈពេលចុងក្រោយ បានប្រទះឃើញកីឡាករបរទេសចំនួន ៣រូប កំពុងសម្ងំហ្វឹកហាត់ជាមួយក្លឹបដែលគេនិយមហៅថា ប៉ូលីស មួយនេះ ក្នុងនោះសុទ្ធសឹងតែជាកីឡាករដែលមានបទពិសោធជោគជាំនៅលីគកំពូលកម្ពុជា ក្នុងប៉ុន្មានរដូវកាលកន្លងមកដ៏គួរឲ្យចាប់អារម្មណ៍។ កីឡាករដែលត្រូវបានប្រទះឃើញរួមមាន កីឡាករ Shane Booysen ដែលធ្លាប់ជាអតីតរបស់ក្លឹបភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង កីឡាករ Momoh Degule Sumaila ដែលជាអតីតសមាជិករបស់បឹងកេត និងអាស៊ីអឺរ៉ុបយូណាយធីត និង ១រូបទៀតគឺកីឡាករ Mathew Osa ដែលក្លឹបចុងក្រោយលេងឲ្យណាហ្គាវើល ក្រោយរួមរស់ជាមួយវេស្ទើនភ្នំពេញ ២រដូវកាល។

យ៉ាងណាមិញនេះគ្រាន់តែជាការមើលឃើញរបស់អ្នកគាំទ្រ ប៉ុន្តែចំពោះថាតើកីឡាករទាំង ៣រូបនេះ អាចនឹងក្លាយជាសមាជិកផ្លូវការរបស់ ប៉ូលីស ឬយ៉ាងណានោះ ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្អែកនេះនឹងត្រូវប្រកាស។

សូមបញ្ជាក់ថារបៀបវារៈដែល ប៉ូលិស ត្រៀមបង្ហាញក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រស្អែកនេះ រួមមានការប្រកាសកីឡាករ គ្រូបង្វឹក និងអ្នកចាត់ការទូទៅរបស់ក្លឹប។ បន្ថែមលើនេះ ក៏មានការបង្ហាញពីផែនការសម្រាប់ត្រៀមរដូវកាលថ្មីក្នុងនោះក៏មានការបញ្ជាក់គម្រោងសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនផងដែរ៕

 

រូបភាព៖ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទ៖ ណារ៉ុង

មតិយោបល់