Tiger Street: ស៊ាន ភីសា ឧទ្ទិសជ័យជម្នះរបស់ក្រុម ស៊ាន ពិសិដ្ឋ ដល់វិញ្ញាណខ័ន្ធប្អូនប្រុស

នូ មករា February 1, 2019


ភ្នំពេញ៖ សមាជិកក្រុមភ្នំពេញក្រោន​គឺកីឡាករ ស៊ាន ភីសា បានថ្លែងទាំងក្តុកក្តួលថា រូបគេពិតជាសប្បាយចិត្តដែលក្រុម ស៊ាន ពិសិដ្ឋ បានឈ្នះជើងឯកប្រចាំមណ្ឌលបាត់ដំបងក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Stree Football 2019 ខណៈដែលក្រុមបាល់ទាត់យុវជនមួយនេះស្ថិតក្រោមការដឹកនាំផ្ទាល់របស់ លោក ស្វាយ សួ ដែលជាឳពុករបស់គេនោះ។

ជាងនេះទៅទៀត ខ្សែបម្រើវ័យក្មេងរូបនេះបានថ្លែងថា៖ “នេះជាសមិទ្ធផលដ៏ល្អមួយរបស់ប៉ាខ្ញុំដែលបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំមកហើយព្រោះគាត់ចង់ឱ្យក្រុមមួយនេះមានភាពល្បីល្បាញទោះយើងមិនអាជីពក៏ដោយ ជាពិសេសវាជាគោលបំណងដែលគាត់ធ្វើដើម្បីប្អូនប្រុសតែមួយគត់របស់ខ្ញុំ គឺ ស៊ាន ពិសិដ្ឋ ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរចរណ៍កាលពីចុងឆ្នាំ២០១៣កន្លងមក។ ដូច្នេះ ជ័យជម្នះលើកនេះគឺខ្ញុំសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធប្អូនប្រុសខ្ញុំផ្ទាល់ ព្រោះកាលនៅរស់គេចូលចិត្តលេងបាល់ណាស់ ចឹងហើយបើគេនៅមានជីវិតគេប្រាកដជាសប្បាយចិត្តខ្លាំងណាស់!”

ស៊ាន ភីសា បានបន្ថែមថា ក្រុម ស៊ាន ពិសិដ្ឋ ត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០១៤ ដោយកាលណោះឳពុករបស់គេគឺ លោក ស្វាយ សួ មានក្តីនឹករលឹកដល់កូនប្រុសពៅដែលបានបាត់បង់ជីវិត និងម្យ៉ាងគឺដើម្បីលើកទឹកចិត្តយុវជនមកចូលរួមលេងកីឡាល្អឱ្យបានកាន់តែច្រើនផង ស្របពេលដែលកូនប្រុសច្បង ស៊ាន ភីសា ក៏ជាកីឡាករបាល់ទាត់អាជីពម្នាក់ដែរនោះ៕
អត្ថបទ៖ មករា

មតិយោបល់