ការជ្រើសរើសកីឡាករ U-22 កម្ពុជា ដំណាក់កាលទី១ អាចនឹងធ្វើការសម្រេចនៅថ្ងៃស្អែក

មាស សុផាណារ៉ុង January 30, 2019


 

ភ្នំពេញ៖ ការជ្រើសរើសសមាសភាពកីឡាករនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ដំណាក់កាលទី១ អាចនឹងឈានទៅដល់ការសម្រេចនៅថ្ងៃស្អែកនេះ នេះបើតាមការបង្ហើបឲ្យដឹងពីប្រភពសុំមិនបង្ហាញឈ្មោះមួយ។

ឈានមកដល់ថ្ងៃនេះ គឺជាថ្ងៃទី៥ ហើយដែលការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ដំណាក់កាលទី១ បានចាប់ផ្ដើម ជាមួយនឹងកីឡាករយុវជនដែលកោះហៅមកក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជាមួយចំនួនធំ សរុបចំនួន ៥៤នាក់។

យ៉ាងណាមិញសមាសភាពកីឡាករទាំង ៥៤រូបនេះក៏ត្រូវបានដឹងទៀតផងដែរថានឹងត្រូវជម្រុះចេញពីបញ្ជីខ្លះ ដើម្បីយកទៅបំពេញជាមួយនឹងកីឡាករដែលគ្រូបង្វឹក លោក Felix Dalmas បានរើសទុករួចជាស្រេចជាពិសេសកីឡាករដែលធ្លាប់មានឈ្មោះក្នុងក្រុមជម្រើសជាតិឈុតធំ ដូចជា  ប្រាក់ ធីវ៉ា, ម៉ាត់ នូរុណ , សៀង ចន្ធា , ស៊ិន កក្កដា , អ៊ិន សូដាវីត , ឆេង ម៉េង , អ៊ន ចាន់ប៉ូលីន និងអ្នកចាំទី កែវ សុខសិលា ជាដើម។

ប្រភពដដែលក៏បានបង្ហើបទៀតផងដែរថា ក្រោយការជ្រើសរើសសមាសភាពកីឡាករពីដំណាក់កាលទី១ នេះរួចហើយ ការប្រមូលផ្ដុំហ្វឹកហាត់ជាផ្លូវការជាមួយកីឡាករដែលត្រូវបានជ្រើសទុក ក៏នឹងចាប់ផ្ដើមផងដែរ ពោលគឺនៅថ្ងៃបន្ទាប់ ( ថ្ងៃទី ០១ ខែ កុម្ភៈ ) រហូតដល់ព្រឹត្តិការណ៍នៃការប្រកួតពានជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-22 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមកដល់។ 

គួរបញ្ជាក់ថា ពានរង្វាន់ដដែលនេះ គ្រោងនឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី១៧-២៦ ខែកុម្ភៈខាងមុខ ដោយមាន ៨ក្រុមចូលរួម បន្ទាប់ពីសិង្ហបុរី ប្រុយណេ និងឡាវ ប្រកាសដកខ្លួនកាលពីពេលថ្មីៗ ក្នុងនោះក្រុម U-22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U-22 មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈពូល A រួមមានក្រុម U-22 វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា 

អត្ថបទ៖ ណារ៉ុង

មតិយោបល់