គ្រូបង្វឹកថ្នាលយុវជនក្លឹប Dortmund របស់អាល្លឺម៉ង់ដ៍ នឹងមកកម្ពុជានាខែមីនាខាងមុខ

នូ មករា January 30, 2019


ភ្នំពេញ៖ នេះគឺជាពិតជាឱកាសដ៏ល្អមួយសម្រាប់វិស័យបាល់ទាត់កម្ពុជា ដោយនាអំឡុងខែមីនាខាងមុខនេះ អ្នកគ្រូបង្វឹក Julia Vanessa Farr របស់ក្រុមថ្នាលយុវជនក្លឹបយក្សអាល្លឺម៉ង់ដ៍ Dortmund ឬ Borussia Dortmund នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីដឹកនាំកម្មវិធី Football Clinic មួយក្នុងគោលបំណងចែករំលែកបទពិសោធន៍ ក៏ដូចជាបច្ចេកទេសពីកីឡាបាល់ទាត់ដល់កុមារ និងយុវជនកម្ពុជាក្រោមការរៀបចំពីសំណាកក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុក។

សូមបញ្ជាក់ថា Julia Vanessa Farr គឺជាគ្រូបង្វឹកលេចធ្លោមួយរូបនៅក្នុងក្រុមថ្នាលយុវជនក្លឹប Dortmund ដោយបានរួមរស់ជាមួយក្លឹបជើងឯក ៨សម័យកាលនៃលីគកំពូលអាល្លឺម៉ង់ដ៍នេះអស់រយៈកាលជាង ៦ឆ្នាំមកហើយ។ នៅទីនោះនាងធ្លាប់បំពេញមុខងារនៅផ្នែកអភិវឌ្ឍន៍យុវជនរបស់ក្លឹប (BVB Evonik Football Academy Department) រួមទាំងផ្នែកទីផ្សារផងមុននឹងត្រូវបានប្រគល់តួនាទីជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ (International and New Business) របស់ក្លឹប Dortmund ប្រចាំនៅតំបន់អាសុីអាគ្នេយ៍ដែលមានទីស្នាក់ការនៅក្នុងប្រទេសសិង្ហបុរីនោះ៕



អត្ថបទ៖ មករា

មតិយោបល់