FFC តែងតាំង ឈឿន នីផា ជាគ្រូបង្គោលក្រុម U19 នារីកម្ពុជា ត្រៀមចេញទៅប្រកួតនៅជប៉ុន

មាស សុផាណារ៉ុង January 30, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកស្ដ្រីដ៏មានសក្ដានុពលរបស់ក្លឹបភ្នំពេញក្រោន ឈឿន នីផា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) តែងតាំងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិនារីក្រោមអាយុ ១៩ឆ្នាំកម្ពុជា ដើម្បីដឹកនាំក្រុមចូលរួមប្រកួតពានរង្វាន់អន្ដរជាតិមួយ នៅជប៉ុន នាចុងខែកុម្ភៈខាងមុខ គឺពានរង្វាន់ Jenesys 2018 Japan-Asean Youth Sports Exchange (Women’s Football U-19)។

ក្លឹបភ្នំពេញក្រោន បានប្រកាសលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន នៅព្រឹកថ្ងៃពុធនេះថា៖ «អ្នកគ្រូបង្វឹកក្រុមកីឡាការិនីអាយុក្រោម ១៥ ភ្នំពេញក្រោន ឈិន នីផា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទុកចិត្តតែងតាំងជាគ្រូបង្គោលដឹកនាំក្រុមនារីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅប្រទេសជប៉ុន ដែលនឹងចាប់ផ្តើមនាចុងខែកុម្ភៈខាងមុខនេះ»

នេះគឺជាដំណឹងដ៏រីករាយមួយ ដែលក្រុមបាល់ទាត់នារីកម្ពុជា មានគ្រូបង្វឹកជាស្ដ្រី ដើម្បីដឹកនាំចូលរួមការប្រកួតលើឆាកអន្ដរជាតិ។ បន្ថែមលើនេះ ក្លឹបភ្នំពេញក្រោន ក៏បានធ្វើការជូនពរអ្នកគ្រូ ឈឿន នីផា ឲ្យទទួលបានជោគជ័យក្នុងការដឹកនាំក្រុម U19 នារីកម្ពុជា ទៅចូលរួមការប្រកួតនៅជប៉ុន ក៏ដូចជាសម្រេចបានគ្រប់ភារកិច្ចជាមួយក្លិបភ្នំពេញក្រោនផងដែរ៕

រូបភាព៖ ក្លឹបភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់