កែវ សុខង៉ន រៀបរាប់ដំណើររឿងប្តឹងផ្តល់នៅតុលាការ ក្រោយប្អូនប្រុសទម្លាយរឿងវិវាទម្សិលមិញ

នូ មករា January 30, 2019


ភ្នំពេញ៖ បន្ទាប់ពីកីឡាករ កែវ សុខផេង ទម្លាយនូវវិវាទពាក់ព័ន្ធនឹងការរកស៊ីមួយ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ កាលពីម្សិលមិញ ពេលនេះលោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានបញ្ជាក់ថា វិវាទនេះ បានកើតឡើងជាងកន្លះឆ្នាំមកហើយ ហើយក៏ខិតជិតដល់ថ្ងៃបញ្ចប់ដែរ បន្ទាប់ពីតុលាការខេត្តកំពង់ចាម បានកោះហៅភាគីពាក់ព័ន្ធ ចូលស្ដាប់ការកាត់ក្ដីសម្រេចចុងក្រោយ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។

លោក កែវ សុខង៉ន បានរៀបរាប់ដោយសង្ខេបថា វិវាទខាងលើ គឺពាក់ព័ន្ធនឹងការជួលដីមួយកន្លែង ស្ថិតក្នុងភូមិមេម៉ាយ ឃុំមេម៉ាយ ខេត្តកំពង់ចាម ដើម្បីធ្វើអាជីវកម្មបើកទីលានបាល់ទាត់ខ្នាតតូច ជាមួយកិច្ចសន្យារយៈពេល ៧ឆ្នាំពីបុគ្គលម្នាក់ ដែលជាការសហការធ្វើអាជីវកម្មរវាងលោកស្រី កែវ ទ្រីគា និងប្អូនប្រុសរបស់ខ្លួន កែវ សុខផេង ។ លុះដំណើរការអាជីវកម្មបាន ២ឆ្នាំ ស្រាប់តែលេចមុខជនទី៣ មកអះអាងថា ដីនោះជាកម្មសិទ្ធរបស់ខ្លួន ដោយភ្ជាប់នូវឯកសារត្រឹមត្រូវ។

បន្ទាប់មកលោកស្រី កែវ ទ្រីគា ក៏បានអញ្ជើញភាគីជួលដីឲ្យខ្លួនមកដោះស្រាយ ត្បិតភាគីទី៣ បានអះអាងថា ជាបងប្អូនបង្កើតនឹងគ្នា តែភាគីជួលដី មិនបានមកដោះស្រាយនោះទេ ដែលជាហេតុនាំឲ្យមានការប្ដឹងទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ ។ ក្រោយមកតុលាការក៏បានកោះហៅគ្រប់ភាគីទៅសួរនាំជាបន្ដបន្ទាប់ រហូតដល់តុលាការខេត្តកំពង់ចាម បានប្រកាសនឹងធ្វើការកាត់សេចក្ដីសម្រេចចុងក្រោយ នាថ្ងៃទី៣១ ខែមករាស្អែកនេះ ។ នេះបើតាមការបញ្ជាក់របស់លោក កែវ សុខង៉ន។

យ៉ាងណាមិញ ចំពោះលទ្ធផលយ៉ាងណា គ្រប់ភាគី កំពុងរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ខណៈភាគីជួលដី ពិសេសបងប្អូនត្រកូល “កែវ” មានលោកស្រី កែវ ទ្រីគា, លោក កែវ សុខង៉ន និងកីឡាករ កែវ សុខផេង កំពុងទន្ទឹងចង់ដឹងដូចគ្នា ហើយពួកគេ សុទ្ធតែផ្ដល់ការជឿជាក់លើប្រព័ន្ធតុលារការ ដើម្បីទទួលបាននូវដំណោះស្រាយដ៏សមស្របមួយ ដែលគ្រប់ភាគីអាចទទួលយកបាន។

គួរបញ្ជាក់ថា កាលពីម្សិលមិញកីឡាករជម្រើសជាតិកម្ពុជា កែវ សុខផេង បានសរសេរសារមួយបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖ “លាក់ទុកយូរខែហើយ អត់ធ្មត់ក៏យូរហើយដែរ ប៉ុន្ដែមិនថាជួបឧបសគ្កធំប៉ុណ្ណា ខ្ញុំនៅតែមានជំនឿថា យុត្តិធម៌នៅតែមាន ហើយសង្ឃឹមថា នៅថ្ងៃទី៣១ ខែមករាខាងមុខ តុលាការ នឹងកាត់ក្ដីដោយឈរលើភាពត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីបញ្ចប់បញ្ហាវិវាទពាក់ព័ន្ធនឹងមុខរបររកស៊ីរបស់ខ្ញុំ ដែលបានកើតឡើងជាច្រើនខែកន្លងមក» ។ ដូច្នេះហើយទើបបង្កមានការភ្ញាក់ផ្អើលបែបនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់