បេក្ខភាពក្រុម U22-កម្ពុជា នឹងមានការជ្រើសរើសបន្ថែមក្រោយចប់ការជម្រុះដំណាក់កាលទី១

មាស សុផាណារ៉ុង January 29, 2019


ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលកីឡាករសំខាន់ៗមួយចំនួនមិនត្រូវបានកោះហៅប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី១ ដើម្បីជ្រើសរើសកីឡាករជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះពានរង្វាន់ ( AFF U-22 Championship 2019 ) នាពេលឆាប់ៗខាងមុខ ពេលនេះមានប្រភពជិតស្និទ្ធសហព័ន្ធទម្លាយថា គ្រូបង្វឹកក្រុម U-22 កម្ពុជា លោក Felix នឹងធ្វើការជ្រើសរើសកីឡាករថ្មីបន្ថែមទៀត ក្រោយចប់ការជម្រុះដំណាក់កាលទី១ ដើមខែក្រោយ។

សូមរំឮកថា ការប្រមូលផ្ដុំហ្វឹកហាត់ ដំណាក់កាលទី១ គឺមានកីឡាករសរុប ៥៤នាក់ត្រូវបានកោះហៅ ដែលចាប់ផ្ដើមហាត់កាលពីថ្ងៃទី២៦ ខែមករា ហើយគ្រោងបញ្ចប់នាថ្ងៃទី០២ ខែកុម្ភៈ។ ប៉ុន្ដែក្នុងបញ្ជីឈ្មោះកីឡាករបឋមនោះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះគ្មានវត្តមានកីឡាករសំខាន់ៗមួយចំនួន ដូចជា ប្រាក់ ធីវ៉ា , ម៉ាត់ នូរុណ , សៀង ចន្ធា , ស៊ិន កក្កដា , អ៊ិន សូដាវីត , និងអ្នកចាំទី កែវ សុខសិលា ជាដើមត្បិតពួកគេ សុទ្ធសឹងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ)។

ប្រភពសុំមិនបញ្ចេញឈ្មោះខាងលើ បញ្ជាក់ថា ការធ្វើតេស្ដដំណាក់កាលទី១ គ្រាន់តែ លោក Felix ចង់វាស់ស្ទង់សមត្ថភាពកីឡាករថ្មីៗ ដើម្បីងាយស្រួលជ្រើសរើសប៉ុណ្ណោះ។ ចំពោះកីឡាករសំខាន់ៗ ដែលអ្នកគាំទ្រកំពុងចាប់អារម្មណ៍ ព្រោះគ្មានឈ្មោះក្នុងបញ្ជីកីឡាករបឋមវិញ លោក Felix នឹងធ្វើការកោះហៅនាពេលបន្ទាប់ ពោលគឺក្រោយពេលចប់ការប្រមូលផ្ដុំដំណាក់កាលទី១។ បន្ទាប់មកលោកនឹងសម្រេចចិត្តជ្រើសរើសកីឡាករក្នុងចំនួនផ្លូវការមួយ ដើម្បីត្រៀមប្រកួតពានរង្វាន់ដដែលនេះ តែម្ដង។


គួរបញ្ជាក់ថា ពានរង្វាន់ AFF U-22 Championship 2019 ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្ដើមការប្រកួត ចាប់ពីថ្ងៃទី១៧-២៦ ខែកុម្ភៈខាងមុខ ដោយមាន ៨ក្រុមចូលរួម បន្ទាប់ពីសិង្ហបុរី ប្រុយណេ និងឡាវ ប្រកាសដកខ្លួនកាលពីពេលថ្មីៗ ក្នុងនោះក្រុម U-22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុម U-22 មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈពូល A រួមមានក្រុម U-22 វៀតណាម, ថៃ, ទីម័រខាងកើត និងហ្វីលីពីន ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា 

អត្ថបទ៖ បុត្រា

មតិយោបល់