គ្រូស្វាយរៀងថា Privat មានសមត្ថភាពលើសពីអាចជួយក្រុមបាន!

នូ មករា January 29, 2019


ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានការពេញចិត្តជាខ្លាំង ចំពោះការនាំយកកីឡាករ Privat Mbarga មករួមរស់ជាមួយសម្រាប់ត្រៀមរដូវកាលថ្មី ហើយលោកថា កីឡាករសញ្ជាតិកាមេរ៉ូនរូបនេះ ក្រៅពីមានសមត្ថភាពអាចជួយក្រុមបាន រូបគេក៏អាចបង្កគ្រោះថ្នាក់ដល់គូប្រជែងផងដែរ។

គ្រូបង្វឹកជនជាតិអៀកឡង់រូបនេះ លើកឡើងថា៖ «កាលពីរដូវកាលមុន Privat បានទាត់ចូលក្រុមយើង ៤គ្រាប់ ហើយបង្កើតឱកាសចំនួន ៣លើកដល់មិត្តរួមក្រុម(អាស៊ីអឺរ៉ុប) ។ ចឹងយើងពិតជារីករាយក្នុងការនាំយករូបគេមកចូលរួមជាមួយក្រុមយើង ព្រោះគេមិនត្រឹមតែមានគុណបញ្ចប់ទីល្អនោះទេ Privat ក៏មានល្បឿនលឿនដែរ ដែលអាចបង្កគ្រោះថ្នាក់ និងក្ដីបារម្ភដល់គូប្រជែង ហើយវាក៏ជារឿងចំណេញសម្រាប់យើងដែរ»

គួរបញ្ជាក់ថា អតីតកីឡាករក្លឹបអាស៊ីអឺរ៉ុប កាលពីរដូវកាលមុននេះ បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ជំនួសកៅអីកីឡាករ Harley Willard ដែលបានចែកផ្លូវជាមួយស្វាយរៀង កាលពីពេលថ្មីៗ ។ Privat គឺជាកីឡាករមានគុណភាពម្នាក់ ពិសេសរដូវកាលមុន គេរកបាន ២៧គ្រាប់ជួយឲ្យអាស៊ីអឺរ៉ុបឈរលេខរៀងទី៧ និងឈររៀងទី២ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ។

ដូច្នេះពេលនេះ ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសគ្រប់កូតា សម្រាប់ត្រៀមរដូវកាលថ្មីហើយ ខណៈ ៤រូបទៀត រួមមានកីឡាករ Daisuke Kobayashi, Yeon Gisung , Jonathan Campbell និង Charlie Machell គ្រាដែលលីគកំពូលកម្ពុជា ឆ្នាំ២០១៩ គ្រោងនឹងចាប់ផ្ដើមការប្រកួត នាថ្ងៃទី០៩ ខែមីនាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់