ព្រះខ័នរាជស្វាយរៀង នាំចូល Privat មកជំនួសតំណែង Harley Willard ដែលទើបចាកចេញពីក្លឹប

មាស សុផាណារ៉ុង January 29, 2019


 

ស្វាយរៀង៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅយប់ថ្ងៃទី២៨ ខែមករា ម្សិលមិញបានធ្វើការប្រកាសពីនាំចូលកីឡាករខ្សែប្រយុទ្ធ Privat Mbarga ដើម្បីមកជំនួសតំណែងនៃការចាកចេញរបស់ខ្សែប្រយុទ្ធ Harley Willard។

កិច្ចសន្យារបស់ Privat Mbarga ជាមួយក្លឹបព្រះខ័នរាជស្វាយរៀង គឺនឹងធ្វើឡើងក្នុងរយៈពេល១ឆ្នាំ ដើម្បីរួមចំណែកជួយក្រុមត្រៀមសម្រាប់រដូវកាល២០១៩ នៃពានរង្វាន់លីគកំពូលកម្ពុជា។

ការមកដល់របស់កីឡាករសញ្ជាតិកាម៉េរូន រូបនេះផងដែរគឺជាការមកដល់ចុងក្រោយសម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងការនាំចូលកីឡាករបរទេសសម្រាប់ក្លឹប បន្ទាប់ពីបាននាំចូលកីឡាករបរទេស ៤រូប រួចមកតាមដោយ កីឡាករជប៉ុន Daisuke Kobayashi ដែលជាសមាជិកកាលពីរដូវកាលមុន រួមជាមួយ Yeon Gisung , Jonathan Campbell និង Charlie Machell។

គួរដឹងដែរថា Privat Mbarga ត្រូវបានស្គាល់យ៉ាងច្បាស់ថាជាកីឡាករដែលមានបទពិសោធ ជោគជាំនៅលីគកំពូលកម្ពុជា ដោយបានចាប់ផ្ដើមអាជីពនៅកម្ពុជា លើកដំបូងតាំងពីឆ្នាំ២០១៥ ជាមួយ អង្គរថាយហ្គឺរ ( កាលនោះឈ្មោះថា ខេមបូឌានថាយហ្គឺរ ) បន្ទាប់មកនៅឆ្នាំ២០១៦ ផ្លាស់ទៅចូលរួមជាមួយ ណាហ្គាវើល មុនពេលផ្លាស់ទៅប្រទេសថៃ នៅឆ្នាំ២០១៧ ដោយចូលរួមជាមួយក្លឹប Samuth Prakan FC និងឆ្នាំកន្លងទៅចូលរួមជាមួយ អាស៊ីអឺរ៉ុបយូណាយធីត ជាទីដែលរូបគេអាចរកគ្រាប់បាល់បានច្រើនរហូតដល់ ២៧គ្រាប់ និងឈរលេខ ២ជាកីឡាករដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេក្នុងលីគ បន្ទាប់ពី Bisan George ដែលរកបាន២៨គ្រាប់៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC & Phnom Penh Crown FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់