អាសុីអឺរ៉ុបយូណាយធីត ថែមកីឡាករបរទេស១រូបទៀត ជាជនជាតិអូស្ត្រាលី

មាស សុផាណារ៉ុង January 28, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត មុននេះបន្តិចបានធ្វើការប្រកាសពីការចុះកិច្ចសន្យា និងបង្ហាញមុខកីឡាករបរទេសទី២ ជាជនជាតិអូស្ត្រាលី ដែលក្លឹបនាំមកនាំសម្រាប់រដូវកាល ២០១៩នេះ។

កីឡាករនេះ មានឈ្មោះថា Joshua Jokic មានវ័យ២៦ឆ្នាំ លេងក្នុងតួនាទីជាខ្សែបម្រើ ជាកីឡាករបរទេសទី២ ដែលក្លឹបប្រកាសនាំមកនារដូវកាលនេះ បន្ទាប់ពីកីឡាករជប៉ុន ដែលក្លឹបទើបតែនាំចូលកាលពីសប្ដាហ៍មុន។

កីឡាករសញ្ជាតិអូស្ត្រាលី រូបនេះមិនដែលប្រកបអាជីពនៅក្លឹបអាជីពណាមួយឡើយ ដោយភាគច្រើនលេងឲ្យក្រុមប្រចាំសកលវិទ្យាល័យនៅក្នុងស្រុក។

ការចូលរួមរបស់ Joshua Jokic នឹងនាំឲ្យរូបគេក្លាយជាសមាជិកទី ១៤ដែលក្លឹបនាំចូលនារដូវកាលនេះបន្ទាប់ពីកីឡាករ គុយ សម្បត្តិ, វី ចាន់តារា, អ៊ុំ ឧត្តម, កែវ រចនា, ម៉ន កក្កដា, កែវ សារ៉ាត, ឡាយ រស្មី, ឡុង បូរ៉ាន, ចាន់ ថុលវាស្នា, ចាន់ ភារម្យ, សួន ឈុនសេង , រុន រានី និងកីឡាករបរទេស Tsubasa Mitani។

មកទល់ពេលនេះកីឡាកររបស់ក្លឹបគឺមានកីឡាករខ្មែរចំនួន២១រូបហើយ ក្នុងនោះសមាជិកថ្មីមានចំនួន១២រូប ខណៈពាក់ព័ន្ធជាមួយកីឡាករបរទេស ក្លឹបធ្លាប់បញ្ជាក់ថា អាចនាំយកតែ៤នាក់ប៉ុណ្ណោះ បើសិនជាក្លឹបអាចរកសមាជិកជាកីឡាករខ្មែរ១រូប ឬ២រូបទៀតដែលមានបទេពិសោធន៍ខ្ពស់ នេះបើតាមការបញ្ជាក់ដោយ លោក សុក វាសនា គ្រូបង្វឹកនៃក្លឹបផ្ទាល់កាលពីពេលកន្លងមក៕

 

រូបភាព៖ អាសុីអឺរ៉ុបយូណាយធីត – AEU & Phnom Penh Crown

អត្ថបទ៖ ណារ៉ុង

មតិយោបល់