ប៉ូលិស នឹងបង្ហាញសមាសភាពសំខាន់ៗចំនួន ៣ ចុងសប្ដាហ៍នេះ

នូ មករា January 29, 2019


ភ្នំពេញ៖ ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នឹងរៀបចំសន្និសីទសារព័ត៌មានធំមួយ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ចុងសប្ដាហ៍នេះដើម្បីបង្ហាញសមាសភាពសំខាន់ៗមិនអាចខ្វះបានចំនួន ៣ សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក សារ៉េត ស៊ីដន មន្ដ្រីក្លឹបប៉ូលិសកាលពីពេលថ្មីៗ។

លោក សារ៉េត ស៊ីដន បានបញ្ជាក់ថា សមាសភាព ដែលប៉ូលិស ត្រៀមបង្ហាញក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រនេះ រួមមានកីឡាករ គ្រូបង្វឹក និងអ្នកចាត់ការទូទៅរបស់ក្លឹប។ បន្ថែមលើនេះ ក៏មានការបង្ហាញពីផែនការសម្រាប់ត្រៀមរដូវកាលថ្មីក្នុងនោះក៏មានការបញ្ជាក់គម្រោងសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនផងដែរ។

យ៉ាងណាមិញចំពោះសមាសភាពកីឡាករថ្មី គ្រូបង្វឹក ក៏ដូចជាអ្នកចាត់ការទូទៅ មិនត្រូវបានបុរសដើរតួនាទីជាគ្រូបង្វឹកបច្ចុប្បន្ន បង្ហើបឲ្យដឹងនោះទេ គ្រាន់តែលោកពន្លយថា អាចនឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយក្លឹបបង្ហាញផ្លូវការ ពិសេសគ្រូបង្វឹកថ្មី ដែលត្រូវដឹកនាំក្នុងរដូវកាលឆ្នាំ២០១៩ ។ ប៉ុន្ដែកាលពីពេលថ្មីៗ ធ្លាប់មានព័ត៌មានបែកធ្លាយថា ប៉ូលិស បានតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹករួចហើយនៅឡើយតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ មិនសូវទទួលបានលទ្ធផលល្អ ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នោះទេ ដោយឈរចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១២ក្លឹប តែពួកគេ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ដោយទទួលបានជើងឯករង បន្ទាប់ពីប្រកួតចាញ់ក្រុមក្រសួងការពារជាតិក្នុងវគ្គផ្ដាច់ព្រ័ត្រ ៕

អត្ថបទ៖ បុត្រា

មតិយោបល់