វិសាខា បង្ហាញភាពមិនពេញចិត្ត និងប្រកាសចាត់វិធានការផ្លូវច្បាប់ ករណីបង្ខូចកេរ្តិ៍ឈ្មោះកីឡាករ និងកិត្តិយសក្លឹប

នូ មករា January 28, 2019


ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ ក្លឹបបាល់ទាត់វិសាខា បានជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានបង្ហាញភាពមិនពេញចិត្តទៅលើសកម្មភាពរបស់ផេកហ្វេសប៊ុក ២គឺ “Football Spoiler” និង “និយាយដើមកីឡា” ដែលធ្លាប់បានផ្សព្វផ្សាយលក្ខណៈរិះគន់មួយចំនួនដែលក្លឹបបាល់ទាត់វិសាខា បានបញ្ជាក់ថាជាការធ្វើឡើងក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះកីឡាករ សុិន កក្កដា និងប៉ះពាល់កិត្តិយសក្លឹបផងដែរនោះ។

នៅក្នុងសេចក្តីជូនដំណឹងមានខ្លឹមសារទាំងស្រុងថា៖ “ក្នុងនាមក្លិបកីឡាបាល់ទាត់វិសាខា ស្នើសុំទៅម្ចាស់ផេកដែលមានឈ្មោះ “Football oiler” និង “និយាយដើមកីឡា” សូមបញ្ឈប់រាល់សកម្មភាពផុសពត៌មានមិនពិតក្នុងគោលបំណងព្យាយាមធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កីឡាករ ស៊ិន កក្កដា និងកិត្តិយសរបស់ក្លិបកីឡាបាល់ទាត់វិសាខា ចាប់ពីថ្ងៃទទួលបានដំណឹងនេះតទៅ ។ ក្នុងករណីម្ចាស់ផេកទាំងអស់នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះកីឡាករ និងកិត្តិយសក្លិបទៀត នោះក្លិបនឹងចាត់វិធានការតាមផ្លូវច្បាប់ ។”

សូមបញ្ជាក់ថា ករណីដ៏កម្រនេះបានបង្កើតភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ដោយពួកគេបានបញ្ចេញមតិផ្សេងៗពីគ្នា ខណៈដែលមហាជនមួយចំនួនបានគាំទ្រចំពោះចំណាត់ការបែបនេះដោយពួកគេបានអះអាងថាវាបានរួមចំណែកលុបបំបាត់ការវាយប្រហារ ឬការរិះគន់បែបជាន់ពន្លិចដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល និងស្ថាប័នណាមួយ ប៉ុន្តែខ្លះទៀតបានលើកឡើងថា វាមិនធ្ងន់ធ្ងរពេកនោះទេដោយសារតែការរិះគន់បានធ្វើឡើងដោយសារកំហុសបុគ្គលផ្ទាល់ ហេតុនេះពួកគេបានលើកជាសំណើរថា ក្លឹបក៏គួរតែអប់រំកីឡាកររបស់ខ្លួនដោយជៀសវាងការបង្កើតកំហុសដដែលៗដូចជាការប្រើប្រាស់ពាក្យពេជន៍មិនសមរម្យ ឬការតបតបែបកំហឹង ឬបែបមាក់ងាយលើមហាជនជាដើម៕

អត្ថបទ៖ មករា
ប្រភព៖ វិសាខា

មតិយោបល់