សូលទីឡូអង្គរ ចុះកុងត្រាជាមួយយុវជន ២រូប លើកិច្ចសន្យារយៈពេល៣ឆ្នាំ

មាស សុផាណារ៉ុង January 28, 2019


 

សៀមរាប៖ ក្លឹបបាល់ទាត់សូលទីឡូអង្គរ បានចុះហត្ថលេខាលើកីឡាករយុវជន ២រូបដែលមានវ័យក្រោម១៩ឆ្នាំ លើកិច្ចសន្យារយៈពេល៣ឆ្នាំ នេះបើតាមការប្រកាសជាផ្លូវការនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប។

កីឡាករទាំង ២រូបនេះរួមមានខ្សែការពារ វ័យ១៨ឆ្នាំ ឈ្មោះ ប៊ុន វិច្ឆិកា ជាយុវជនដែលមានដើមកំណើតនៅលើទឹកដីអង្គរផ្ទាល់តែម្ដង ស្របពេលដែលយុវជនមួយរូបទៀត មានវ័យ១៩ឆ្នាំ ឈ្មោះ ពឺយ រស្មី លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ និងមានស្រុកកំណើតនៅលើទឹកដីអង្គរនេះដូចគ្នា។

នៅក្នុងសេចក្ដីប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបដដែល បានបញ្ជាក់ថាយុវជនទាំង២រូបនេះ ទើបតែចាប់ផ្ដើមប្រឡូកជាកីឡាករអាជីពលើកដំបូងជាមួយ សូលទីឡូអង្គរ ខណៈពីមុនមកធ្លាប់តែលេងឲ្យក្លឹបពាក់កណ្ដាលអាជីពដែលមានមូលដ្ឋាននៅខេត្តផ្ទាល់តែម្ដង។

គិតមកទល់ពេលនេះ ក្លឹបសូលទីឡូអង្គរ បាននាំចូលកីឡាករថ្មីចំនួន ៧រូបហើយ ក្នុងនោះរួមមាន កីឡាករ Fumiya Kogure និង ​Kota Motoyama បូករួមកីឡាករខ្មែររួមមាន លី សារ័ត្ន និង ប្រាក់ សុវណ្ណាពិសិដ្ឋ ផ្ទេរពីព្រះខ័នរាជស្វាយរៀង កីឡាករ យុគ អៈអារី ផ្ទេរពីណាហ្គាវើល និង ២រូបចុងក្រោយនេះ ប៊ុន វិច្ឆិកា ជាមួយ ពឺយ រស្មី ៕

 

រូបភាព៖ Soltilo Angkor FC 

អត្ថបទ៖ ណារ៉ុង

មតិយោបល់