គ្រូបឹងកេតថា ចង់បានខ្សែបម្រើ និងប្រយុទ្ធ ៣នាក់ ប៉ុន្តែជួបការលំបាក!

នូ មករា January 14, 2019


ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី បានត្អូញត្អែរក្នុងការតាមប្រមាញ់កីឡាករ ២ ទៅ ៣នាក់ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី ស្របពេលអតីតក្រុមជើងឯក ៣សម័យកាលនេះ កំពុងខ្វះខាតតំបន់បម្រើ និងប្រយុទ្ធ គ្រាដែលកីឡាករខ្សែបម្រើ និងប្រយុទ្ធបរទេសល្អៗមួយចំនួន បានចាកចេញ កាលពីពេលថ្មីៗ ដូចជា Maycon Calijuri, Esoh Paul Omogba និងកីឡាករ Julius Oiboh ជាដើម។

ម្ចាស់ពានគ្រូបង្វឹកមានប្រជាប្រិយភាពរបស់ CNCC រូបនេះ និយាយថា៖ «ឥលូវនេះយើងកំពុងចង់បានកីឡាករខ្មែរបន្ថែម តែយើងពិបាករកមែនទែន ព្រោះកីឡាករយើងចង់បានភាគច្រើន គាត់ជាប់កុងត្រាជាមួយក្លឹបចាស់ៗ ។ តែមែនទែនទៅ យើងត្រូវការកីឡាករខ្មែរ ២ ទៅ ៣នាក់ទៀត ដើម្បីធ្វើឲ្យការត្រៀមរដូវកាលថ្មីកាន់តែល្អប្រសើរ។ កីឡាករខ្មែរ យើងមាន តែខ្វះខាតចំណុចខ្លះៗ ដូចជាតំបន់បម្រើ និងប្រយុទ្ធជាដើម»

គួរបញ្ជាក់ថា កាលពីពេលថ្មីៗ ក្រៅពីកីឡាករបរទេសសំខាន់ៗដែលបានរួមចំណែកជួយក្លឹបទទួលបានជោគជ័យជាច្រើនរដូវកាលចាកចេញ ក៏មានព័ត៌មានលេចលឺជាបន្ដបន្ទាប់ថា កីឡាករស្នូល ចាន់ វឌ្ឍនាកា ដែលធ្លាប់មានបទពិសោធន៍លេងក្រៅស្រុក ក៏បានចាកចេញដែរ ប៉ុន្តែក្លឹប និងសាមីខ្លួន មិនទាន់ប្រកាសផ្លូវការ ។ យ៉ាងណាក៏ដោយ បើតាមការលើកឡើងរបស់លោក ហៅ សុជាតិ ខាងលើ សបញ្ជាក់ឲ្យឃើញថា ការស្វែងរកកីឡាករថ្មី ក៏អាចជំនួសកៅអីកីឡាករចាកចេញ រួមទាំងកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់