KMH Cup U18 ទទួលការគាំទ្រខ្លាំងពីមហាជន ក្រោយមានយុវជនក្លឹបអាជីពច្រើនចូលរួម

មាស សុផាណារ៉ុង January 14, 2019


 

ភ្នំពេញ៖ បន្ទាប់ពីពាន KMH Cup U18 រដូវកាលទី២ ឆ្នាំ២០១៩ បានបើកការប្រកួតផ្លូវការ កាលពីសប្ដាហ៍មុន គេឃើញមានមតិមហាជនជាច្រើន បានសម្ដែងការគាំទ្រ ចំពោះការរៀបចំពាននេះ ដែលផ្ដល់ឱកាសឲ្យក្រុមយុវជន តាមបណ្ដាលក្លឹបសមាជិកលីគកំពូលកម្ពុជា បានចូលរួមប្រកួតប្រជែង ជាក់ស្ដែងរួមមានក្រុម U17 ភ្នំពេញក្រោន, U17 វិសាខា, U18 បឹងកេត, U18 អគ្គិសនីកម្ពុជា និងក្រុមការពារតំណែងជើងឯក U18 ព្រះខ័នរាជស្វាយរៀងជាដើម។

ជុំវិញការបង្កើតពាននេះ ត្រូវបានអ្នកតាមដានវិស័យបាល់ទាត់ បានបញ្ចេញមតិស្រដៀងៗគ្នាថា ទោះបីមិនមែនពានអាជីពក្ដី តែវាជាការផ្ដល់ឱកាសដ៏ល្អ សម្រាប់ក្រុមយុវជន ពិសេសក្រុមថ្នាលតាមក្លឹបធំៗ ធ្វើការប្រកួតប្រជែង អភិវឌ្ឍន៍ និងជំរុញឲ្យទំពាំស្នងឬស្សីក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរឹងមាំ។ បន្ថែមលើនេះ ក៏មានមតិមហាជនខ្លះ ស្នើឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំពានដូច្នេះ សម្រាប់ក្រុមថ្នាល តាមក្លឹបធំៗ នៃលីគកំពូលកម្ពុជា មានការប្រកួតប្រជែងកាន់តែច្រើនផងដែរ។

ទន្ទឹមជាមួយគ្នា ស្ថានិកពាន KMH Cup U18 លោក កាំង សេន ក៏បានបង្ហាញនូវមោទនភាព ចំពោះពានក្រោមអាយុ ១៨ឆ្នាំរបស់ខ្លួន ដែលទាក់ទាញបានក្រុមយុវជន មកពីក្លឹបអាជីពជាច្រើនចូលរួម ហើយលោកសង្ឃឹមថា ពាននេះ នឹងរួមចំណែកបង្កើតធនធានកីឡាករ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើន។ លោកបានចាត់ទុកនេះ គឺជាជោគជ័យមួយ និងប្ដេជ្ញាបន្ដរៀបចំពាននេះឲ្យកាន់តែល្អប្រសើរ ហើយក៏រំពឹងថា ក្រុមយុវជនមកពីក្លឹបធំៗ នឹងបន្ដចូលរួមនារដូវកាលក្រោយៗទៀតដែរ។

គួរបញ្ជាក់ថា ពាន KMH Cup U18 នេះ គឺមាន ៧ក្រុមចូលរួម ដោយក្រៅពីក្រុមយុវជន មកពីក្លឹបធំៗខាងលើ គឺមានក្រុម KMH Academy U18 និងក្រុមយុវជនកាហ្វេ U18 ។ ចំពោះរូបមន្ដប្រកួត គឺប្រកួតវិលជុំ ២ជើង ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវប្រកួត Play-Off ។ រីឯលទ្ធផលប្រកួតបើកឆាក រួមមានក្រុមការពារជើងឯក U18 ព្រះខ័នរាជស្វាយរៀង ឈ្នះក្រុម U18 បឹងកេត ៥-០, ក្រុម KMH Academy U18 ឈ្នះក្រុម U17 ភ្នំពេញក្រោន ២-១ និងក្រុម U17 វិសាខា លត់ក្រុម U18 អគ្គិសនីកម្ពុជា ៦-១ ៕

 

រូបភាព៖ KMH Cup

អត្ថបទ៖ បុត្រា 

មតិយោបល់