ប្រភពជិតស្និទ្ធបង្ហើបថា លោក មាស ចាន់ណា បដិសេធដឹកនាំក្រុម Cambodia All Stars ដោយសារ…

មាស សុផាណារ៉ុង January 14, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗនេះបានធ្វើការចេញ​​លិខិត​ឧទ្ទេសនាមតែង​តាំង ​លោក ភា សុភ័ត្រ្តា ​ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ Cambodia All Stars ​​ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ទល់​ក្រុម​បាល់ទាត់ Moungthong United ​នៅខែកុម្ភៈខាងមុខនេះ។

យ៉ាងណាមិញមានប្រភពជិតស្និទ្ធមួយបានបង្ហើបថា តំណែងនេះដើមឡើយ ត្រូវបានដឹងថាសហព័ន្ធគ្រោងតែង​តាំង ​លោក មាស ចាន់ណា ​ឲ្យ​ធ្វើ​ជា​គ្រូ​ដឹកនាំ​ក្រុម​ Cambodia All Stars ​​ប៉ុន្តែលោក មាស ចាន់ណា ផ្ទាល់បានបដិសេធក្នុងការកាន់តំណែងនេះ ដោយយោងលើមូលហេតុលោកចង់ផ្ដោតលើការដឹកនាំក្លឹបណាហ្គាវើល ដែលត្រូវតំណាងឲ្យកម្ពុជា ត្រៀមចូលរួមប្រកួតក្នុងពានកម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2019 ) ​គ្រោងនឹងចាប់ផ្ដើមនៅចុងខែកុម្ភៈខាងមុខនេះ ជាហេតុនាំឲ្យតួនាទីនេះត្រូវបានផ្ទេរទៅលោក ភា សុភ័ត្រ្តា ផ្ទាល់តែម្ដង។

ការផ្ដល់តំណែងនេះផងដែរ គឺដោយសារតែរូបលោកបានក្លាយជាបេក្ខភាពគ្រូបង្វឹកឆ្នើមនៅលីគកំពូលកម្ពុជា បន្ទាប់ពីដឹកនាំក្លឹបណាហ្គាវើល ឈ្នះជើងឯកលីគសារជាថ្មី ក្រោយខកខានរយៈពេលជិត១០ឆ្នាំ។

ដោយឡែកសម្រាប់ លោក ភា សុភ័ត្រ្តា ក៏មានសមិទ្ធផលល្អដូចគ្នា មុនទទួលបានតំណែងជាគ្រូបង្វឹក​ក្រុម​បាល់ទាត់ Cambodia All Stars ដោយសាររូបលោកបានដឹកនាំក្លឹបបាល់ទាត់ក្រសួងការពារជាតិ ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលជាពានរង្វាន់ដំបូងរបស់លោកក្នុងការដឹកនាំក្រុមប្រកួតជាមួយពានលក្ខណៈផ្លូវការបែបនេះ។

គួរដឹងដែរថា ក្រុម​បាល់ទាត់ Cambodia All Stars នឹងត្រូវមានភារៈកិច្ចប្រកួត​មិត្ត​ភាព​អន្តរជាតិ​ទល់​ក្រុម​បាល់ទាត់ Moungthong United នា​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅលើ​ទីលាន​ស្មៅសិប្បន្មិមិត្តនៃ ​កីឡដ្ឋាន​ជាតិ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់